ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ សម្បត្តិជំរុញឲ្យសមាជិកក្រុមប្រឹក្សាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានសង្កាត់ទាំង៥

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌព្រែកព្នៅបើកកិច្ចប្រជុំសាមញ្ញលើកទី ៤៥របស់ក្រុមប្រឹក្សាខណ្ឌកាលពីថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមាជិកក្រុមប្រឹក្សាបានលើកយកបញ្ហាស្បែងសុីសងខុសច្បាប់ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់មកដោះស្រាយ។

ឆ្លើយតបក្នុងកិច្ចប្រជុំសាមញ្ញនោះផងដែរ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានដាក់បញ្ជាយ៉ាងហ្មឺងម៉ាត់ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មាន មេភូមិ ចៅសង្កាត់រួម និងមេប៉ុស្តិ៍ក្នុងសង្កាត់ទាំងបង្កើនការយកចិត្តទុកដាក់ និងរិតបន្តឹងគ្រប់ពេលវេលាតាមមូលដ្ឋានរៀងៗខ្លួនអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ប្រយោជដើម្បីប្រកួតប្រណាំងយកស្នាដៃទីក្រុងស្អាតទូទាំងរាជធានីក្នុងខណ្ឌទាំង១២។

លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ចុះធ្វើរដ្ឋបាលជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន លោកបន្តថាកន្លងមកមានបើកល្បែងសុីសងខុសច្បាប់នៅសង្កាត់គោករការលេងបៀ អាប៉ោង ជល់មាន់ និងដាក់ទូរហ្គេមពង្វក់ស្មារតីក្មេងមិនចូលសាលារៀន ជាពិសេសបង្កប់ដោយគ្រឿងញៀននៅទៅនោះផងដែរ ដែលពេលថ្មីៗនេះកម្លាំងកងរាជអាវុធហត្ថខណ្ឌបានបង្ក្រាបឈានដល់ការឃាត់ខ្លួន និងដកហូតមានទូរហ្គេមវាយពង់បៀ និងគ្រឿងញៀនបានជាច្រើនទៀតផង។

ទន្ទឹមនឹងនោះផងដែរ លោកសុខ សម្បត្តិអភិបាលខណ្ឌបានដាក់បញ្ជាដល់សមាជិកក្រុមប្រឹក្សាគ្រប់ថ្នាក់ត្រួតជាប្រចាំរាល់កិច្ចការដែលប្រមុខរាជរដ្ឋាភិបាលដាក់កំណត់ទិសដៅក្នុងបុព្វហេតុស្តារមុខមាត់ប្រទេសជាតិពីប្រទេសមានសង្គ្រាមឲ្យប្រែក្លាយទៅជាប្រទេសមានសុខសន្តិភាព រីកចំរើនជឿនលឿនដើម្បីឲ្យបណ្តាប្រទេសមួយចំនួនមានការកោតសរសើរផងដែរ។

លោកបន្តថា នាពេលកន្លងមករដ្ឋបាលខណ្ឌព្រែកព្នៅ តែងតែចុះទៅដល់ក្នុងមូលដ្ឋានតាមសង្កាត់នានាដើម្បីជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ដែលពួកគាត់មានទុក្ខលំបាកត្រូវការអាជ្ញាធរជួយពួកគាត់។ ទាំងនេះដែរក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌបានខិតខំប្រឹងប្រែងយកកម្លាំងកាយចិត្តមិនគិតថា ទោះលំបាកយ៉ាងណាក្នុងនាមអាជ្ញាធរទោះជាយប់ឬថ្ងៃឆ្ងាយឬជិតយ៉ាងណាក៏ត្រូវតែបំពេញតម្រូវការជូនពួកគាត់ទាល់តែបាន។ លោកបានជំរុញឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងផ្សារនានាក្នុងខណ្ឌព្រែកព្នៅទាំងមូលឲ្យមានរបៀបរៀបរយល្អជៀសវាងការកកស្ទះចរាចរណ៍ និងជាពិសេសតំបន់យឿត្រី និងមុខផ្សារព្រែកព្នៅតែម្តង៕ធឿន ព្រែកជ័យ


ចែករំលែក៖