ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកវង្ស ណាវុធ ស្នងការរងខេត្តតាកែវបើកល្បែងស៊ីសុងខុសច្បាប់នៅតាមព្រំដែន

ចែករំលែក៖

គេរាយការណ៍ថា លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកព្រំដែន បានយកតួនាទីទៅបើកល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងនៅតាមបណ្តោយព្រំដែនរវាងខេត្តតាកែវ នឹងខេត្តអាងយ៉ានរបស់ប្រទេសវៀតណាម។ មានតែជនជាតិខ្មែរ និងវៀតណាមប៉ុណ្ណោះដែលចូលលេងល្បែង ក្នុងកាស៊ីណូខុសច្បាប់របស់លោកស្នងការរង ។

គេរាយការណ៍ថា នៅច្រកទ្វារកំពង់ក្រសាំង ស្ថិតក្នុងស្រុកបុរីជលសា ជិតប្រឡាយលោកប៉ុល សារឿនមានកាស៊ីណូអត់ច្បាប់២កន្លែង ដែលមានល្បែងជល់មានយ៉ាងគគ្រឹកគគ្រេងបើកលេងរៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អាជ្ញាធរស្រុកបុរីជលសា ក៏បានដឹងថា កាស៊ីណូ២កន្លែងនោះគ្មានច្បាប់ដែរ ប៉ុន្តែគ្មាននរណាហ៊ានទៅអើតឈ្ងោកនោះឡើយ ព្រោះខ្លាចឥទ្ធិពលលោកវង្ស ណាវុធ ។

ប្រភពបានឲ្យដឹងថា កាស៊ីណូនៅស្រុកបុរីជលសានេះបានបើកលេងជាយូរមកហើយ ។ ដោយសារកាក់កបនឹងល្បែងកាស៊ីណូនេះ លោកស្នងការរង បានទៅបើកកាស៊ីណូមួយកន្លែងទៀតនៅព្រំដែន កំណត់កែវ ដែលជាច្រករបៀងនោះ ។ បើតាមច្បាប់ការបើកល្បែងស៊ីសង ដោយជ្រកក្រោមស្លាកកាស៊ីណូ​មិនអាចបើកនៅតាមច្រករបៀងឡើយ គឺឲ្យបើកនៅតាមទ្វារអន្តរជាតិ ។ គ្រាន់តែច្រករបៀងកំណត់កែវមានល្បែងស៊ីសង ដែលជ្រកក្រោមស្លាកកាស៊ីណូ២កន្លែង ស្ថិតក្នុងស្រុកគិរីវង់ ។ កាស៊ីណូនោះគ្មានច្បាប់ទៀតផង ។

ប្រភពរាយការណ៍ថា ប្រជាពលរដ្ឋនៅតាមព្រំដែន ក៏ដូចជាមកពីទីឆ្ងាយៗកំពុងវក់វីនឹងកាស៊ីណូរបស់លោកស្នងការរង។ មួយថ្ងៃៗ លោកស្នងការរងប្រមូលពីសង្វៀនជល់មាន់រាប់ពាន់ដុល្លារ ។ អំពើចោរកម្ម លួចឆក់ ប្លន់បានកើតមានជាបន្តបន្ទាប់ ដែលប្រជាពលរដ្ឋអះអាងថា កើតចេញពី​ល្បែងស៊ីសង និងសង្វៀនជល់មាន់នោះឯង ៕

 

 


ចែករំលែក៖