ខេត្តក្រចេះ៖ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅតំបន់ដាច់ស្រយាលបានយកត្រីក្រពតមកធ្វើម្ហូបអាហារ បណ្តាលឲ្យពុលស្លាប់បុរសជាប្តី រីឯប្រពន្ធ និងកូនរងគ្រោះដោយអការៈធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង
ហេតុការណ៍នេះកើតឡើងកាលពីកាលពីល្ងាចថ្ងៃ ពុធ ១៤ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ។
លោក ហេង សុថា អភិបាល ស្រុកឆ្លូង បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជិតវិតឈ្មោះ ខាត់ ខាន់ ភេទប្រុស អាយុ៥៧ឆ្នាំ បានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ ហើយប្រពន្ធឈ្មោះ ហម ប៉ក់ ភេទស្រី អាយុ៥៣ឆ្នាំ និងកូនស្រីឈ្មោះ ខាន់ រ៉ាទី អាយុ១៨ឆ្នាំ អ្នកទាំងពីរ រងគ្រោះធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។
ដោយឡែក លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ក្រោយពីគ្រួសារជនរងគ្រោះបានហូបត្រីក្រពតរួច មានអាការៈក្អូតចង្អោរ ចុកពោះ ហើយត្រូវសាច់ញាតិយកទៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតបុរសរូបនោះមិនទាន់ ដោយសារតែអាការៈបុរសខាងលើមានសភាពធ្ងន់ធ្ងរពេក។ ចំណែកប្រពន្ធ និងកូន ត្រូវបានជួយសង្រ្គោះទាន់ពេលវេលានៅក្នុងមន្ទីរពេទ្យ ។
លោកអធិការ បន្តទៀតថា មូលហេតុដែលពួកគាត់ពុលត្រីកំពត គឺដោយសារពួកគាត់ទៅនេសាទត្រីនៅបឹងត្រពាំងរ៉ុន ពេលបានត្រីក្រពត ក៏យកមកចម្អិនធ្វើជាអាហារពេលហូបរួច ស្រាប់តែបណ្ដាលឲ្យពុលទាំងអស់គ្នាតែម្ដង។ បន្ទាប់មក កម្លាំងនគរបាលជំនាញបច្ចេកទេសបានចុះទៅត្រួតពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយរកឃើញថា ជនរងគ្រោះពិតជាពុលត្រីកំពតប្រាកដមែន គ្រាដែលបានរកឃើញត្រក្រពត៣ក្បាលប្រោសទុកក្នុងពាង ៕ សហការី