ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយបានកើតឡើងរវាងអ្នកជិះម៉ូតូ និងសត្វ បណ្ដាលឲ្យបុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងសត្វពាហនៈ(ក្របី) ១ក្បាលងាប់ស្ដូកនៅលើកំណាត់ផ្លូវលំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រខាងលើបានកើតឡើង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា មុនដំបូងបុរសរងរបួសឈ្មោះ ឆាន់ សិន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1H 1672 តែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុបានបុកសត្វពាហនៈ(ក្របី) ១ក្បាលដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យសត្វក្របី ១ក្បាលនោះងាប់ស្ដូកមួយរំពេជតែម្ដង ចំណែកអ្នកជិះម៉ូតូក៍បានសន្លប់បាត់បង់ស្មាតីស្ដូកស្ដឹងផងដែរ ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថតាងម៉ូតូនគរបាលយកទៅរក្សាទុកនៅប៉ុស្ថិ៍រដ្ឋបាលបឹងបត់កណ្ដោលជាបណ្ណោះអាសន្ន ដើម្បីបន្តនីតិវិធីខណៈរកម្ចាស់សត្វពាហនៈក្របីទាំងនោះមិនទាន់ឃើញនៅឡើយនោះ ៕ បឹុម ពិន