ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនតូចចំនួន៤គ្រឿងដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ផ្លូវគោក បានរងការបង្រ្កាបពីនគរបាលចរាចរខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ដោយនៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ។ ក្រោយពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានដាក់បទបញ្ជាឲ្យចាត់វិធានការទៅលើរថយន្តដឹកផ្ទុកទំនិញសំពីងសំពោងដែលជាផ្នែកមួយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសផងដែរ។
រថយន្តដឹកទំនិញសំពីងសំពោងទាំងនោះភាគច្រើនបើកបរនៅពេលយប់ជារថយន្តដឹកទំនិញចេញពីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃយកចូលមកក្រុងសិរីសោភ័ណ ខេត្តសៀមរាប និងខេត្តបាត់ដំបង។បញ្ហារថយន្ដដឹកសំពីងសំពោងធ្វើដំណើរតាមផ្លូវសាធារណៈនេះដែរ តែងតែរងការរិះគន់ពីប្រជាពលរដ្ឋ ពីការបើកបរមិនគោរច្បាប់ចរាចរណ៍ ។
វិធានការរបស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យជំរុញរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចជារថយន្តដឹកផ្ទុកទំនិញសំពីងសំពោង រថយន្តកែច្នៃខុសបច្ចេកទេសខណៈដែលលោកមើលឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យហាក់បីដូចជាមិនទាន់មានការថយចុះនៅឡើយនោះទេករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់បណ្តាលឲ្យជនរងគ្រោះស្លាប់រងរបួសគួរឲ្យព្រួយបារម្ភ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថាគ្រាដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យជំរុញចាត់វិធានការតាមផ្លូវច្បាប់របស់តុលាការពីរថយន្តដឹកផ្ទុកសំពីងសំពោង ប៉ុន្តែគេមើលឃើញរថយន្តដឹកផ្ទុកទំនិញសំពីងសំពោងមួយចំនួន ក៏លួចលាក់ធ្វើដំណើរលើផ្លូវសាធារណៈ ក្នុងខេត្តបន្ទាយមានជ័យនោះផងទៀត ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ពាក់ព័ន្ធការដឹកទំនិញសំពីងសំពោងនោះផងដែរ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលស្រុកអូរជ្រៅក៏បានឃាត់ ម៉ូតូរ៉ឺម៉ក១គ្រឿង បានដឹកពូក សំពីងសំពោង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីវិធានការ នោះផងដែរ ៕ សំ វិច្ឆិកា