ព័ត៌មានទាន់ហេតុការណ៍៖

ចោរកាច់កម៉ូតូ៣គ្រឿងកណ្តាលក្រុងបាត់ដំបងជាបន្តបន្ទាប់សមត្ថកិច្ចបានត្រឹមថាកំពុងស្រាវជ្រាវ

ចែករំលែក៖

ខេត្តបាត់ដំបង ៖អំពើចោរកម្ម(ចោរកាច់សោ ក ម៉ូតូ)នៅក្នុងក្រុងបាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ នៅក្នុងមូលដ្ឋាន ខណៈកម្លាំងសមត្ថកិច្ច ទាំងកងរាជអាវុធហត្ថ ទាំងនគរបាល ហាក់បាត់បង់ម្ចាស់ការក្នុងការទប់ស្កាត់ ឬបង្ក្រាបជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសទាំងនេះ បើទោះបីឃើញជនសង្ស័យធ្វើសកម្មភាពតាមកាមេរ៉ាសុវត្ថិភាពក៏ដោយ ហើយបានត្រឹមតែនិយាយថា កំពុងស្រាវជ្រាវ ។

ជាក់ស្តែងគ្រាន់តែ រយៈពេល៣ថ្ងៃកន្លងទៅនេះ ចោរមួយក្រុមបានកាច់សោ.កលួចយកម៉ូតូប្រជាពលរដ្ឋអស់ចំនួន៣គ្រឿង ជាបន្តបន្ទាប់នៅក្រុងបាត់ដំបង ហើយសមត្ថកិច្ចមិនដែលបង្រ្កាបបានម្តងណាទេ ទោះបីថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពរួចហើយក៏ដោយ ។

ការលួចកាច់កសោម៉ូតូទាំង៣ លើកជាបន្តបន្ទាប់ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា លើកទី១ ចោរបានដើរចូលទៅកាច់សោ.កលួចយកម៉ូតូមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ1W -9495 នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែកុម្ភៈ ដែលជនរងគ្រោះទុកនៅខាងមុខហាងលក់សម្លៀកបំពាក់យីហោ «សុខ យុទ្ធ» នៅជាប់ផ្លូវលេខ១ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាកម្មសិទ្ធិ ម្ចាស់ឈ្មោះ សូរ ប្រសិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខណៈជនរងគ្រោះចូលទិញទំនិញក្នុងហាងនេះ ។ សកម្មភាពនេះត្រូវបានថតយករូបភាពជនសង្ស័យដោយកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ហាង ។

សមត្ថកិច្ចបន្តថា ករណីទី២ ខណៈដែលសមត្ថកិច្ចជំនាញទាំង២ស្ថាប័ន កំពុងពិនិត្យរូបជនសង្ស័យលើកាមេរ៉ាសុវត្ថិភាព និងកំពុងស្រាវជ្រាវ ស្រាប់នៅតែនៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ មានការផ្អើលឆោឡោម្តងទៀតថា ចោរបានកាច់សោ.កលួចយកម៉ូតូមួយគ្រឿងទៀត នៅក្បែរសាលាបឋមសិក្សា២ធ្នូ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែល ម៉ូតូនោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ1Y-2728 ដែលមានម្ចាស់ឈ្មោះ ប៉ោ ងួន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងដែលគាត់ដឹកកូនទៅសាលាហើយទុកម៉ូតូនៅខាងក្រៅរបងចាក់សោត្រឹមត្រូវ ។

លុះព្រឹកឡើងម៉ោង៦និង៣០នាទី ថ្ងៃទី១ ខែមីនាឆ្នាំ២០១៨ មានករណីទី៣ទៀតបានកើតលើកមួយលើកទៀត នៅក្នុងវត្តដំរីស ដែលលើកទី៣នេះ បានកើតឡើងនៅទល់មុខទីបញ្ញាការកងរាជអាវុធហត្ថខេត្តតែម្ដង ។ ម៉ូតូដែលចោរលួចនោះពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1V-2336 ដែលម្ចាស់ឈ្មោះ ទូច ភ័ណ្ឌ ភេទស្រី អាយុជាង៥០ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានទុកចាក់សោត្រឹមត្រូវនៅចំណុចខាងលើ រួចយកចង្ហាន់ទៅវត្ត។

ជុំវិញចោរកម្មកើតឡើង៣លើកជាបន្តបន្ទាប់នេះត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថឲ្យដឹងថា ក្រុមជនទុច្ចរិតហាក់កំពុងបង្កើនសកម្មភាពយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រីឯវិធានការទប់ស្កាត់ ឬការបង្ក្រាបរបស់សមត្ថកិច្ច ហាក់នៅមានកម្រិតទាបបំផុត ។

លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងបានអះអាងថា បើតាមការស្រាវជ្រាវ ជនប្រព្រឹត្ត គឺជាមុខសញ្ញាដដែលៗ ។ ប៉ុន្តែលោកអធិការមិនបានបញ្ជាក់ប្រាប់អំពីវិធានការទប់ស្កាត់ ឬវិធានការតាមបង្ក្រាបជនប្រព្រឹត្តនោះទេ ដោយលោកបានបញ្ចប់ត្រឹមពាក្យថា «មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវតាមរយៈកាម៉េរ៉ាវីដេអូផង និងតាមការតាមដានផង» ប៉ុណ្ណោះ ៕ ប្រាថ្នា


ចែករំលែក៖