ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ឈប់ម៉ូតូកំពុងតថ្លៃម៉ូយ ស្រាប់តែមានរថយន្តម៉ាកCRVមួយគ្រឿង បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងបានបើកក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅបុកពីក្រោយបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅខាងកើតនិងផ្សារប៉េសេ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1G 5038 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ហៅម៉ូតូឌុប ពេលកំពុងតថ្លៃ ស្រាប់តែមានរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2K 4219 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ទំនងជាស្រវឹងហើយបានរេចង្កូតទៅបុកគូទម៉ូតូបណ្តាលឲ្យដាច់កន្ទុយក្រោយរងការខូចខាត ។
សាក្សីដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់គេច ខ្លួនរហូតបានចម្ងាយជាង៣០០ម៉ែត្រ ទើបប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងសម្របសម្រួល តែដោយមិនត្រូវគ្នាទើបធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ