ខេត្តកំពង់ធំ: ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ចោលប្តីនិងកូនៗ ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅលើជង្រុកស្រូវរបស់ជនរងគ្រោះ ក្នុងភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្រី្តនគរបាលស្រុកបារាយណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ អេង ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារ បានឲ្យដឹងថា សព្វថ្ងៃនេះជនរងគ្រោះមានជំងឺថ្លើម ទឹកនោមផ្អែម និងគ្រោះក្នុងតម្រងនោម ឈឺរាំរ៉ៃ ព្យាបាលមិនជា អស់រយ:កាលជាច្រើនខែឆ្នាំមកហើយ ។ ជារៀងរាល់ថ្ងៃ ដោយសារលំបាកទ្រាំនឹងជំងឺ និងម្យ៉ាងខ្លាចពិបាកដល់កូនចៅ ចំណាយលុយព្យាបាលជំងឺរបស់គាត់ ធ្វើឲ្យគាត់ចេះតែត្អូញ ត្អែថាមិនចង់រស់ទេ ។ ទីបំផុត នៅថ្ងៃកើតហេតុ មិនគួរណាគាត់គិតខ្លីលួចទៅចងកសម្លាប់ខ្លួន នៅលើជង្រុកស្រូវស្លាប់ចោលកូនចៅបែបនេះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅដល់ ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី