ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូវីវ៉ាសេរីចាស់ត្រូវគេប្លុងចោលទល់មុខវត្តស្វាយជ្រំ២ថ្ងៃរកម្ចាស់មិនឃើញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានជិះចេញល្បាត ខណៈប្រទះឃើញម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅមួយគ្រឿង ត្រូវបានទុកចោលកណ្ដាលផ្លូវចូលវត្ត ដោយសង្ស័យមានចោរលួចជិះហើយរលត់តាមផ្លូវ ក៏ប្លុងចោលតែម្ដង ។

ការប្រទះឃើញម៉ូតូប្លុងចោលកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ទល់មុខផ្លូវវត្តស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។

យោងតាមលោក ពិន អាន អធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំបានប្រាប់កាសែតនគរវត្ត កាលពីព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ឲ្យដឹងថា ពិតជាមានករណីជនសង្ស័យប្លុងម៉ូតូចោលមែន ដោយមិនមានអ្នកភូមិណាម្នាក់អះអាងថា ជារបស់ខ្លួនឡើយ ខណៈម៉ូតូនេះត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានជិះល្បាតប្រទះឃើញ២ថ្ងៃមកហើយ នៅផ្លូវចូលវត្តស្ចាយជ្រំនៅរសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ ។

ប្រភពបន្តថា ចំពោះម៉ូតូដែលប្រទះឃើញគឺម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ មួយគ្រឿង គ្មានពាក់ស្លាកលេខ លេខម៉ាស៊ីន E 443 TH 500416 ។

លោកអធិការក៏បានអំពាវនាវ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូ សុំទំនាក់ទំនងមកលេខទូរស័ព្ទ 0889971547 ដោយបច្ចុប្បន្នម៉ូតូរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយជ្រំផងដែរ ៕ យឹម សុថាន


ចែករំលែក៖