ខេត្តបាត់ដំបង៖ អ្នកញៀនល្បែង៨នាក់ ត្រូវនគរបាលស្រុកថ្មគោល ចាប់ខ្លួនបានជាបន្តបន្ទាប់ នៅទីតាំងពីរផ្សេងគ្នា ខណៈដែលអ្នកទាំងនោះនាំគ្នាពពាក់ពពូនលេងល្បែងស៊ីសង(បៀ)មិនញញើតច្បាប់ ។
ការឃាត់ខ្លួនអ្នកញៀនល្បែងទាំងនេះបានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១ ខែមីនា ឆ្នាំ២០១៨ នៅឃុំតាម៉ឺនមួយករណី និង នៅឃុំ អូរតាគី ស្រុកថ្មគោល មួយករណី ។
មន្រ្តីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ដោយអនុវត្តតាមមតិណែនាំជាប់ជាប្រចាំរបស់ លោកឧត្តមសេនីយ៍ ទោ អ៊ុច.សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងអនុវត្តតាមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ សាន.ហាក់ ស្នងការស្តីទីនិងដោយទទួលបាននូវការណែនាំលើការងារជំនាញរបស់ឧត្តមសេនីយ៍ត្រី ជេត.វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ផង់.សុភាព អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានជំរុញដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុង ស្រុកត្រូវចុះធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង (បៀ) ក្នុងមូលដ្ឋានឲ្យបាន។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមការណែនាំនេះហើយ ទើបនគរបាលស្រុកថ្មកោលបានបង្រ្កាបល្បែង បៀ ចំនួន ២ករណី ក្នុងនោះនគរបាលប៉ុស្តិ៍រដ្ឋបាលតាម៉ឺនចំនួន ១ករណី និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីចំនួន ១ករណី ដោយធ្វើការឃាត់ ខ្លួនអ្នកញៀនល្បែងនេះបានចំនួន៨នាក់ក្នុងនោះមាន ស្រី ៥នាក់ ព្រមទាំងដកហូតបានសម្ភារៈពាក់ព័ន្ឋមួយចំនួន ។
អ្នកញៀនល្បែងទាំងនេះ រួមទាំងម្ចាស់ផ្ទះត្រូវបាននគរបាលចាប់យកទៅព្រមាននិងអប់រំណែនាំដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕ សហការី