ភ្នំពេញ៖ នៅវេលាម៉ោង៧៖២០នាទីព្រឹក ថ្ងៃនេះ ថ្ងៃ សុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៨ នេះ ពិធីដង្ហែក្បួនអ្នកតាទ្រង់ទ្រាយធំ បានចាប់ផ្ដើមថ្ងៃដំបូង នៅបរិវេណជុំវិញផ្សារអូរឫស្សី។ គ្រប់អ្នកតា បានចូលសន្ថិតលើរូបស្នង(មនុស្ស) ហើយប្រជាជនខ្មែរ ជាប់សែស្រឡាយចិន ដែលជឿលើពិធីនេះ បានប្រមូលផ្ដុំគ្នាមកមើល និង បានសុំយ័ន ដែលមានប្រឡាក់ឈាម ក្រោយពីអ្នកតាអារអណ្ដាត ហើយផ្ដិតជាប់យ័នយកមកបិតមុខផ្ទះ ដែលគេមានជំនឿថា ការពារផ្ទះពីខ្មោចព្រាយបិសាច និងនាំមកនូវសេចក្ដីសុខ។
ពិធីហែអ្នកតា រួមនឹងការសម្ដែងម៉ុងសាយ របស់ជនជាតិចិន-វៀតណាម គឺស្រដៀងទៅនឹងពិធីរាំរបាំត្រុដិ ដែលជារបាំប្រពៃណីរបស់ខ្មែរ ដែលគេជឿថា ជួយដេញឧបទ្រពចេញពីផ្ទះ ហើយនាំយកមកវិញ នូវសេចក្ដីសុខ សប្បាយ និងរកស៊ីមានបាន។
ដោយឡែក ឆ្នាំនេះមានមនុស្សរាប់ពាន់នាក់ អមដោយរថយន្តជាច្រើនគ្រឿង ដែលដឹកអ្នកហែហមអ្នកតា បានតម្រៀបជាជួរខាងកើតផ្សារអូរឫស្សី ដែលធ្វើឲ្យចរាចរណ៍បានកកស្ទះចាប់ពីម៉ោង៧ព្រឹកនេះ រហូតទៅ និងមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍នៅតាមផ្លូវផ្សេងៗផងដែរ។ ពិធីហែអ្នកតាគឺ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ដែលផ្ដើមចេញពីម្ដុំផ្សារអូរឫស្សី ៕ ស រស្មី