ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រភេទយីឌុបដឹកត្រីចូលពីវៀតណាមដឹកលើសទម្ងន់បុករថយន្តកូរ៉េនៅលូប្រាំខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកងដឹកជញ្ជូន ឆ.ន ប្រភេទយីឌុប១គ្រឿងដឹកត្រីចូលពីវៀតណាមពេញរថយន្តសង្ស័យគ្មានច្បាប់អនុញ្ញាតហើយលើសទម្ងន់ផងដែរនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកនឹងរថយន្តកូរ៉េ១គ្រឿង១តោនកន្លះបម្រុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងនូវការខូចខាតយ៉ាងដំណំហើយករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃសុក្រ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវវ៉េងស្រេង ទល់មុខកុងស៊ីកាប់ជ្រូក ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តរងគ្រោះកូរ៉េនោះធ្វើដំណើរពីលិចទៅកើត ហើយលុះដល់ចំណុចកើតហេតុក៏បត់បំរ៉ុងឆ្លងផ្លូវ ស្រាប់តែរថយន្តប្រភេទយីឌុបបង្កហេតុនោះធ្វើដំណើរពីកើតមកក្នុងគោលបំណងទៅត្រង់ មិនដឹងមូលហេតុអ្វីនោះទេក៏បុករថយន្តកូរ៉េប៉ើងមកក្រោយវិញ ហើយរថយន្តយីឌុបនោះក៏ឡើងលើខឿនផ្លូវជ្រុលទៅប៉ះបង្គោលភ្លើងហើយក៏បែកកង់លាន់ដូចរន្ទះទៅមុខលែងរួចបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ចំណែកអ្នកបើកបរក៏មិនហ៊ានចុះពីលើរថយន្តទេ ព្រោះខ្លាចពលរដ្ឋវាយ។
ភ្លាមៗនោះក្រុមសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ហើយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងករណីនេះពុំមានគ្រោះថ្នាក់មនុស្សទេ គ្រាន់អ្នកបើកបររថយន្តកូរ៉េរបួសក្បាលតិចតួចប៉ុណ្ណោះ មិនធ្ងន់ធ្ងរទេ។ ករណីនេះបង្កឡើងដោយរថយន្តប្រភេទយីឌុបម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1815 ។ ចំណែករថយន្តរងគ្រោះកូរ៉េ១តោនកន្លះនោះពាក់ស្លាកលេខ ច3573ភ.ព2 ។ សមត្ថកិច្ចបានបន្តថា រថយន្តកូរ៉េបត់ឆ្លងផ្លូវទៅចូលផ្ទះរបស់ខ្លួននៅក្បែរនោះ ហើយរថយន្តបង្កហេតុបើកបរពីកើតមកបុកពេញទំហឹងតែម្តង។
ជាមួយគ្នានេះផងដែរ បុរសវ័យចំណាស់ម្ចាស់រថយន្តកូរ៉េបានបញ្ជាក់ឲ្យដឹងដែរថា គាត់បើករថយន្តគាត់បំរ៉ុងឆ្លងផ្លូវទៅចូលផ្ទះនៅខាងត្បូងផ្លូវ តែមិននឹងទាន់បានឆ្លងផ្លូវផង រថយន្តនោះធ្វើដំណើរពីកើតមកបុករថយន្តគាត់ពេញទំហឹងតែម្តង ហើយរថយន្តនោះឡើងខឿនផ្លូវបុកប៉ះបង្គោលភ្លើងបែកកង់លាន់ដូចរន្ទះទើបទៅមុខលែងរួច។
សមត្ថកិច្ចបានប្រាប់ថា រថយន្តទាំងពីរគ្រឿងនេះត្រូវបានបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីទុកឲ្យភាគីទាំងពីរចូលខ្លួនដោះស្រាយ និងផលប៉ះពាល់ទ្រព្យសម្បតិ្តសាធារណៈផងដែរ។
ពាក់ព័ន្ធនឹងទំនិញត្រីដឹកចូលពីប្រទេសវៀតណាមនោះ លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់តាមទូរស័ព្ទថា តាមពិតទៅក្រុមហ៊ុននេះដឹកត្រីចូលពីវៀតណាមនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង។ ត្រីទាំងនេះជួនកាលដឹកពីខេត្តតាកែវមកក៏មានផងដែរ៕ តាឡឹម

ចែករំលែក៖