ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវឯករាជ្យ មុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាក លេខ អ្នកបើកបរ ឈ្មោះ សា ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានអ្នករួមដំណើរម្នាក់ឈ្មោះ ស្មី ភេទ ប្រុស ២២ឆ្នាំ មុខរបរ កម្មករសំណង់ អ្នកទាំងពីរស្នាក់នៅជិតសាលាឡាយ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់) មានទិសដៅពីជើង ទៅត្បូង ដោយបេីកលឿន ដល់ចំណុចខាងលេី បានបុកនឹងរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខ ព្រះសីហនុ2B-5858 បើកបរដោយឈ្មោះ លឹម ឡេងហ៊ាង ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ បេីករថយន្តកាស៊ីណូ លីស៊ីង ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យ៖ ១-ឈ្មោះ សា អ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។ ២-ឈ្មោះ ស្មី អ្នករួមដំណើរ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯ អ្នកបើករថយន្ត សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
រថយន្ត និង ម៉ូតូ ខូចខាតកំរិតធ្ងន់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ