ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាចោមរោមមើលយ៉ាងច្រើនកុកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការនគរបាលខេត្តមកអន្តរាគមន៍ជួយបាញ់ពន្លត់ ប៉ុន្តែយឹតពេលទៅហើយ ខណៈម៉ូតូម៉ាកSLមួយគ្រឿង ត្រូវបានឆាបឆេះស្ទើរទាំស្រុង ខណៈដែលម្ចាស់ម៉ូតូអះអាងថា សង្ស័យផ្ទុះសេប៊ុយស៊ី។
ហេតុការណ៍ភ្ញាក់ផ្អើលឆាបឆេះម៉ូតូនេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់អ្នកកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ប៉ាន់ ចិន្ដា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប និងអ្នករួមដំណើរម្នាក់ទៀតមិនស្គាល់ឈ្មោះ ដោយជិះម៉ូតូម៉ាក SL ដែលមានស្លាកលេខ ភ្នំពេញ ១AR៥៩៨៣ ខូចខាតស្ទើរទាំងស្រុងសល់តែគ្រោងឆ្អឹង ។
តាមម្ចាស់ម៉ូតូឈ្មោះ ប៉ាន់ ចិន្ដា បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា មុនពេលកើតហេតុគាត់ និងមិត្តភក្តិបានត្រលប់ពីស្រុកកំណើតនៅស្រុកស្វាយទាប គោលបំណងមកធ្វើការនៅរាជធានីភ្នំពេញ តាមកំណាត់ផ្លូវជាតិលេខ១ ពីកើតមកលិច ដោយម៉ូតូរបស់គាត់ម៉ាក SLមួយគ្រឿង លុះបើកមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែម៉ាស៊ីនម៉ូតូធុំឈ្ងៀម យ៉ាងខ្លាំង ទើបឈប់មើល ស្រាប់តែម៉ូតូធ្លាយសាំងតាមទុយយោ ក៏បង្កការឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបគាត់ស្រែកហៅអ្នកភូមិនាំគ្នាជួយពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមានកំលាំងកងរាជអាវុធហត្ថ និងនគរបាលព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមកអន្តរាគមន៍ជួយបាញ់ពន្លត់ផងដែរ។
ក្រោយមកប្រមាណ២០នាទី ភ្លើងក៏បានរលត់ទៅវិញ ប៉ុន្តែអកុសសម៉ូតូឆាបឆេះខូចខាតស្ទើរទាំងស្រុងទៅហើយ ខណៈដែលម្ចាស់ម៉ូតូ និងអ្នករួមដំណើរម្នាក់ទៀតបានត្រឹមឈរគ្រវីក្បាលហួសចិត្តប៉ុណ្ណោះ ៕ យឹម សុថាន