ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការនារីទទួលអណោយរថយន្ត៣គ្រឿង និងកុំព្យូទ័រ២១គ្រឿង ពីស្ថានទូតចិននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញៈ ក្រសួងកិច្ចការនារីកម្ពុជា បានទទួលអំណោយសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន រួមមានទាំងរថយន្តទំនើបផង ពីសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិន ប្រចាំកម្ពុជាប្រយោជន៍បម្រើដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ ពិធីប្រគល់ និងទទួលនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីរសៀលថ្ងៃ សុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នៅទីស្តីការក្រសួងកិច្ចការនារី រាជធានីភ្នំពេញ ។

លោក ស្យុង ប៉ូ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា សម្ភារៈជូនចំពោះក្រសួងកិច្ចការនារី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាពេលនេះមានរថយន្តទេសចរណ៍ ចំណុះ១២កៅអី ចំនួន២គ្រឿង រថយន្តសុខភាពម្តាយ ចំនួន១គ្រឿង ព្រមទាំងកុំព្យូទ័រចំនួន២១គ្រឿង ។ អំណោយទាំងនេះធ្វើឡើងស្របពេលដែលទិវាបុណ្យនារីអន្តរជាតិ ថ្ងៃទី៨មីនា ជិតខិតចូលមកដល់នៅពេលខាងមុខនេះផងដែរ។ អំណោយទាំងអស់នេះ គឺត្រូវបានរៀបចំឡើងក្រោយពេលដែលលោកស្រី Shen Yueyue អនុប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជាប្រធានសហព័ន្ធនារីទូទាំងប្រទេសចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។

លោកថា អំណោយទាំងអស់នេះ បានបង្ហាញឲ្យឃើញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងប្រកបដោយមេត្រីភាពរបស់ប្រជាជនចិន ក៏ដូចជាមជ្ឈដ្ឋាននារីចិន ជូនចំពោះប្រជាជនកម្ពុជា ក៏ដូចជាមជ្ឈដ្ឋាននារីកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងអំណរគុណ ចំពោះអំណោយដ៏ថ្លៃថ្លានេះ ដោយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា ចិន នឹងបន្តជួយជ្រោមជ្រែងដល់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគ្រប់រូបភាពផ្សេងៗ ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ចិន និងស្ថាប័ននារីនៃប្រទេសទាំងពីរ ជាពិសេស គឺដើម្បីជួយលើកកម្ពស់ស្ថានភាពស្ត្រី និងយេនឌ័រ នៅក្នុងប្រទេសកម្ពុជាកាន់តែ រីកចម្រើនថែមទៀត ៕ ប្រាថ្នា


ចែករំលែក៖