ខេត្តត្បូងឃ្មុំ: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រើព្រនង់ឈើវាយកូនគោឈ្មោល១ ក្បាលបណ្តាលឲ្យងាប់នៅនឹងកន្លែងព្រោះតែសងសឹកនិងម្ចាស់មិនបានក៏សម្រេចវាយកូនគោតែម្តងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនបុរសនេះបានធ្វើឡើងកាលពីនៅវេលាម៉ោង៤រសៀលថ្ងៃ ថ្ងៃ សុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៨ដោយយោងតាមពាក្យបណ្តឹងពីឈ្មោះ ចន ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្តឹងទៅលើឈ្មោះ សាន ស៊ង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នាពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនវាយកូនគោងាប់មួយក្បាល កាលពីព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៨ ហើយសមត្ថកិច្ចបានស្រាវជ្រាវរកឃើញមុខសញ្ញាសង្ស័យ ឃាត់ខ្លួនបាននៅវេលាម៉ោង៤ និង៣០ នាទីរសៀល ទើបឃាត់បុរសនេះបាន ខណៈ កំពុងដេកលើអង្រឹងក្រោមផ្ទះ នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សាន ស៊ង បានសារភាពថា ដោយខ្លួនមានការខឹងគុំគួនទៅនឹងក្រុមគ្រួសារជនរងគ្រោះមួយនេះយូរហើយ រហូតមកដល់ថ្ងៃកើតហេតុក៏បានឃើញឈ្មោះ ចន ជឿន ដើរកាត់មុខផ្ទះក៏ផ្ទុះកំហឹងនឹងគំនុំចាស់ឡើងវិញ ។ ពេលនោះខ្លួនក៏បានទាញព្រនង់ឈើបួនជ្រុងប្រវែង ០,៤៥ ម៉ែត្រមួយដើម បម្រុងវាយទៅលើឈ្មោះ ចន ជឿន តែដោយមិនហ៊ានប្រព្រឹត្តក៏ដើរតម្រង់ទៅវាយកូនគោរបស់ឈ្មោះ ចន ជឿននោះចំក្បាលប្រកាច់ងាប់ភ្លាមនៅនឹងកន្លែងតែម្តង រួចខ្លួនក៏ដើរត្រឡប់ទៅផ្ទះវិញធ្វើព្រងើយតែម្តង ។
ក្រោយឃាត់ខ្លួនបុរសនេះរួចមក នគរបាលប៉ុស្តិ៍មេមងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចាត់ការតាមច្បាប់ ៕ សហការី