ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ខឹងលក់ស៊ុបនិងគ្រឿងក្លែមមិនឈ្នះខ្មែរ ​យក​ដែកវាយ​ជញ្ជាំង​ផ្ទះ និងស្ទុះទៅវាយគេត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសជនជាតិ​ចិន​ម្នាក់​ បាន​យក​ដែកវាយ​ជញ្ជាំង​ផ្ទះ​ខ្មែរ​លក់​ស៊ុប បណ្ដាល​ឲ្យ​ក្រពឹត​ជញ្ជាំង​ស័ង្កសី ហើយ​ស្ទុះ​ទៅ​វាយ​អ៊ុំ​ប្រុស​លក់​ស៊ុប​ចំនួន​២​ដៃ ព្រោះតែខឹងលក់​ស៊ុប និង​គ្រឿងក្លែម មិនសូវ​មាន​ភ្ញៀវ​ចូល​ហូប ហើយ​ខឹង​ខ្មែរ​លក់​ស៊ុប​ដាច់ជាង។

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅ​មុខ​ភោជនីយដ្ឋាន សុខ​ធា តាម​បណ្ដោយ​ផ្លូវ​វិមាន​សព កែង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ​បានបើកភោជនីយដ្ឋាន យីហោ សុខ​ធា មាន​លក់​បាយ​មាន់ គុយទាវ សាច់​គោ​អាំង និង​ម្ហូប​គ្រប់មុខ ។ ចំណែក​ជន​បង្ក​ជា​ជនជាតិ​ចិន ជា​ម្ចាស់​ហាង​យីហោ អួ​ង​ជែ​ឡូ​អ៊ី លក់​ម្ហូប​ចិន​គ្រប់មុខ ដោយហាងទាំង២គឺបើកនៅជិតគ្នា ។

ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈម្ចាស់ហាងខ្មែរកំពុងលក់ ស្រាប់តែបុរសជនជាតិចិនដែលថៅកែហាងជាប់គ្នានោះ យក​ដែក​វាយ​ជញ្ជាំង​ស័ង្កសី ដែល​បាំង​ព្រំប្រទល់​ផ្ទះ​គាត់ បណ្ដាល​ឲ្យ​ក្រពឹត បន្ទាប់​មក​ម្ចាស់ហាងខ្មែរ ក៏​ស្រែក​សួរនាំ ស្រាប់តែ​ឃើញ​បុរស​ជនជាតិ​ចិន​ខាងលើ ស្ទុះ​ទៅ​វាយ​ម្ចាស់​ហាង​ជនជាតិ​ខ្មែរ​ចំនួន​២​ដៃ ហើយ​ស្ទុះ​រក​វាយ​ក្រុម​គ្រួសារ​អ៊ុំ​ប្រុស​ម្ចាស់​ហាង​ខាងលើ តែ​សំណាងល្អ​ អ្នក​រត់​ម៉ូតូឌុប និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឃើញ​ទាន់ ហើយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​រត់​ចូល​ក្នុងផ្ទះ​បាត់ ហើយ​ចាក់សោ​ទៀត​ផង ។

ប្រភព​បាន​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក ទើប​នគរបាល​ប៉ុស្តិ៍​កា​កាប​២ និង​នគរបាល​ចេះ​ភាសា​ចិន​មក​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​២ ដើម្បី​សាកសួរ ។ ពេល​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ចេះ​ភាសា​ចិន​សួរនាំ ជនជាតិ​ចិន​ខាងលើ​បាន​សា​ភាព​ថា ខ្លួន​បាន​វាយ​ជញ្ជាំង​ស័ង្កសី​ភាគី​ខាងលើ​មែន ព្រោះ​ខឹង​ម្ចាស់​ហាង​ខ្មែរ​លួច​ធ្វើ​ម្ហូប​តាម​គាត់ ដោយ​លួច​តាម​អ៊ី​ន​ធើ​ណេ​ត (​អា​ខោ​ន​) ។

បើ​តាម​ម្ចាស់​ហាង​ជនជាតិ​ខ្មែរ បាន​បញ្ជាក់​ទៀត​ថា ហាង​គាត់​បាន​បើក​ប្រមាណ​៦​ឆ្នាំ​មក​ហើយ គឺ​គាត់​លក់​ម្ហូប​ដដែល​នឹង ហើយ​ជនជាតិ​ចិន​ខាងលើ ទើបនឹង​មក​នៅ​បាន​ប្រមាណ​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ​បាន​បាន​ទាមទារ​សំណង​ចំនួន​១,០០០​ដុល្លារ ថ្លៃ​ជំងឺ​ចិត្ត រួច​ឲ្យ​សមត្ថកិច្ច​អប់រំ តែ​ជនជាតិ​ចិន​មិន​ព្រម​សង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្លាម​ៗ​ផង​ដែរ ៕ សុខាសែនជ័យ


ចែករំលែក៖