ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ស្នងការ បែន រត្ន័ បានឲ្យដឹងថា ប្រតិបត្តិការផ្លេកបន្ទោរទទួលបានជោគជ័យ ព្រោះបង្រ្កាបចាប់បានចោរ១ក្រុម មានគ្នា២នាក់ (ពេលធ្វើសកម្មភាពប្លន់តែម្នាក់ឯង) ។
ចោរបានចូលប្លន់ហាងវេរលុយវីងរបស់ចែ ពិដោរ យីហោ ស្រីពេជ្រនៅចំណុចផ្លូវបំបែកក្រែក-ជិមាន់ កាលពីវេលាម៉ោង៧និង៣០ព្រឹក ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ គឺក្រុមចោរបានដណ្តើមយកម៉ាសុិនចុចលេខសម្ងាត់វិក័យបត្រវេរលុយ១គ្រឿង មិនបានយកលុយ ឬរបស់អីផ្សេងទៀតទេ ក្នុងខណៈនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែកក៏បាន និងកំពុងល្បាតការពារក្បែរនោះចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុ និងក៏មានចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះអធិការនគរបាលស្រុកពញាក្រែកក៏បានធ្វើអន្តរាគមន៍ភ្លាមៗ ។
ចោរបានប្រើកាំភ្លើងខ្លី១ដើម ភ្ជង់ទៅបុគ្គលិកវឺងជានារីភេទម្នាក់ឯងក្នុងគោលបំណងប្រមូលប្រាក់ តែគ្មានឱកាស…
ភ្លាមៗនោះកម្លាំងល្បាត និងកម្លាំងប្រដេញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រុកពញាក្រែក ក៏បានចុះធ្វើអន្តរាគមន៍បន្ថែម និង កំណត់មុខសញ្ញា និងតាមប្រមាញ់គ្រប់ច្រកល្ហក ..។
ក្នុងរយៈពេលប្រមាណ១ម៉ោង និង៣០នាទី នគរបាលបានរកឃើញកន្លែងលាក់ខ្លួន និងចាប់បានជនដៃដល់ម្នាក់ដែលកំពុងពួនសម្ងំដេកប្រកាច់ ក្នុងផ្ទះសង្សារវា (វាលេបថ្នាំសម្លាប់ខ្លួន) ខណៈដែលវាដឹងថា នគរបាលបាន និងកំពុងព័ទ្ធផ្ទះ វាដែលមានចម្ងាយប្រមាណ១៥០០ម៉ែត្រពីកន្លែងកើតហេតុ ។
បន្ទាន់នោះដែរ នគរបាល ក៏ដឹកវាទៅរកពេទ្យដើម្បីសង្រ្គោះបន្ទាន់ និងយកចម្លើយតាមចាប់បក្ខពួកវាម្នាក់ទៀតដែលរត់គេចខ្លួន។
ក្នុងខណៈគេចខ្លួន ចោរឈ្មោះ ឈួន ពីន ហៅ យោន កាពីន អាយុ២៩ឆ្នាំ ធ្លាប់ចាប់ខ្លួន និងជាប់ពន្ធនាគារ២ដង ពីបទជួញដូរគ្រឿងញៀន និងក៏ធ្លាប់មានអ្នកធំអន្តរាគមន៍ញយៗដងដែរ រីឯម្ចាស់វីង គឺជាបងស្រីបង្កើតរបស់វា(ចោរ) និងក៏ជាអ្នកធ្លាប់រត់ការដោះវាដែរ ។
ចោរបាននាំគូកនម្នាក់ទៀត យកជិះម៉ូតូដដែលទៅកន្លែងវីង១ផ្សេងទៀត (ចម្ងាយប្រមាណ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ) ដើម្បីសុំអោយគេជួយបង្ហាញរបៀបប្រើម៉ាស៊ីននេះ ក្នុងគោលបំណងធ្វើដូចវេរប្រាក់ទៅអោយគូកនវាចាំបើក តែគេមិនធ្វើឲ្យ និងចុចឲ្យខូចលេខសម្ងាត់តែម្តង(error)។ ឈួន ពីន បានរួចពីការស្លាប់ និងកំពុងស្ថិតក្នុងដៃប៉ូលិស ។
ប៉ូលិសកំពុងតាមប្រមាញ់មុខសញ្ញាសេសសល់ម្នាក់ទៀត ដែលវាកំពុងរត់គេចខ្លួនរួមនឹងអាវុធខ្លី១ដើមផងដែរ និងម៉ាសុីនវីង ក៏កំពុងស្ថឹតក្នុងដៃប៉ូលិស៕ វណ្ណះ