ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានKCNA៖ លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា នៅក្នុងជំនួប រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងគណៈប្រតិភូកូរ៉េខាងត្បូង បានបង្ហាញពីភាពជិតស្និទ្ធកូរ៉េទាំងពីរ ។

សារព័ត៌មាន Bloomberg បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានចំណាយពេល៤ម៉ោង កាលពីថ្ងៃទី៥ ខែមីនា សម្រាប់ទទួលស្វាគមន៍គណៈប្រតិភូតំណាងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន និង យល់ព្រមឲ្យមានជំនួប ជាន់ខ្ពស់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ។ នេះជាលើកទីមួយដែល លោក គីម ជុងអ៊ុន ទទួលជួបពិភាក្សាជាមួយ មន្ត្រីកូរ៉េខាងត្បូង ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១១។

សារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA បានផ្សាយថា គណៈប្រតិភូកូរ៉េខាងត្បូង បាននាំសា របស់ប្រធានាធិបតី ម៉ូនជេអីន ស្តីពីគោលបំណង ចងជួបពិភាក្សា រវាងកូរ៉េទាំងពីរ ដើម្បី បញ្ចប់ភាពតានតឹង ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លី អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បានបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងទទួលទាន អាហារពេលល្ងាចជាមួយបេសកជនពិសេសរបស់លោកប្រធានាធិបតី ហើយដែលនេះគឺជាសញ្ញាមួយបង្ហាញថា លោក គីម ជុងអ៊ុន មានបំណងផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង»។ បន្ថែមពីលើនេះ វាគឺជាលើកដំបូងបំផុតដែលលោក គីម ជុងអ៊ុន ជួបជាមួយមន្ត្រីកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូល រំពឹងថា អាចនឹងបញ្ចុះបញ្ចូលឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចា ជាមួយសហរដ្ឋអាមេរិកវិញ។

គួរបញ្ជាក់ថា បើតាមការផ្សាយពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA តំណាងកំពូលរបស់លោក មូន ជែអ៊ីន បានដល់ ទីក្រុងព្យុងយ៉ាង នៅល្ងាចថ្ងៃចន្ទ ដោយធ្វើដំណើរតែរយៈពេលខ្លីប៉ុណ្ណោះ ចេញពីប្រទេសកូរ៉េខាងត្បូង។ ប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមានសមាជិកសរុប១០នាក់ ដែលនាំដឹកនាំដោយ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) នាយកការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង។

ដោយឡែកថ្លែងនៅមុនពេលដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃចន្ទ លោក Chung Eui-yongក៏បាននិយាយដែរថា លោកនឹងប្រាប់កូរ៉េខាងជើងពីបំណងដ៏ស្មោះត្រង់របស់លោកប្រធានាធិបតី មូន ជែអ៊ីន និងដំណោះស្រាយក្នុងការរក្សាកិច្ចសន្ទនា ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងរវាងកូរ៉េទាំងពីរដែលបានប្រសើរ ដោយសារតែព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីដំណើរការឡើងវិញ នូវកិច្ចសន្ទនាលុបបំបាត់ អាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិក រួមទាំងសហគមន៍អន្តរជាតិ» ។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះយល់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាចស្ងប់ស្ងាត់បណ្ដោះអាសន្នតែប៉ុណ្ណោះ ស្របពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅខែមេសាខាងមុខនេះ ។ ម្យ៉ាងវិញទៀត ទោះបីជាមានកិច្ចសន្ទនាជាបន្តបន្ទាប់ក៏ដោយ ក៏កូរ៉េខាងត្បូងទំនងជាមិនទាន់ទុកចិត្តកូរ៉េខាងជើងឡើយ ពីព្រោះដរាបណាទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល នៅតែត្រូវការសហរដ្ឋអាមេរិកជាអ្នកការពារ ដែលលោក គីម ជុងអ៊ុន ចាត់ទុកថា មេគ្រោះសម្រាប់ការ កាន់តំណែងយូរអង្វែងរបស់លោក ៕ ម៉ែវ សាធី


ចែករំលែក៖