ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធវាយពីភ្នំពេញមិនអស់ចិត្តតាមមកដល់ស្រុកកំណើតវាយ២ដៃទៀត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ភ្លាមៗ ខណៈដែលបុរសរូបនេះមកពីរាជធានីភ្នំពេញតាមរករឿងនិងបានប្រើអំពើហិង្សាវាយទៅលើប្រពន្ធបណ្ដាលឲ្យរងរបួសយ៉ាងដំណំដោយសាររឿងប្រចណ្ឌប្រពន្ធជាមួយអ្នកផ្សេង។

ការឃាត់បុរសខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យជាប្ដី ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ឹម ទ្បុងអាយុ35ឆ្នាំ មុខរបររត់ម៉ូតូឌុបមានស្រុកកំណើតនៅភូមិថ្លុកវាយទី2 ឃុំ ក្រសាំងស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សោម ស៊ីណាត អាយុ36ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅទីកក្រុងភ្នំពេញ ខណៈមានស្រុកកំណើតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ស្រុកស្វាយជ្រំ។

បើតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចគាត់និងប្ដីបានរស់នៅផ្ទះជួលរាជធានីភ្នំពេញ ខណៈគាត់បម្រើការងាររជាកម្មការិនីរោងចក្រ ចំណែកប្ដីជាអ្នករត់ម៉ូតូ ដើម្បីបានប្រាក់កំរៃខ្លះចិញ្ចឹមក្រុមគ្រួសារ ដោយពីមុនស្រឡាញ់ល្អូកល្អើនគ្នាណាស់បាត់មុខមិនបាន។

ប្រភពបន្តថា ស្រាប់តែរយះពេលប៉ុន្មានថ្ងៃនេះ ប្ដីចេះតែរករឿង និងប្រចណ្ឌប្រុសផ្សេងយ៉ាងខ្លាំង ទោះបីរូបនាងនិយាយបកស្រាយយ៉ាងណាក៏ដោយ នៅតែមិនស្ដាប់ លុះនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ ក៏មានជម្លោះនឹងគ្នាស្រាប់តែប្ដីបានយកឈើអំបូសមកវាយទៅលើខ្លួនប្រាណភ្លៅ កំភួនជើងជនបណ្តាលឲ្យរងរបួសមានស្នាកស្នាមជាំហើមយ៉ាងដំណំ។

ប្រភពបន្តថា ក្រោយពីបានប្រើហិង្សាវាយមកលើរូបនាងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក៏ប្រញាប់ប្រញាលរត់មកស្រុកកំណើត នៅឃុំបាសាក់វិញ លុះនៅម៉ោងលុះដល់ថ្ងៃ១២ថ្ងៃត្រង់ ស្រាប់តែប្ដីមកតាមរករឿងដល់ស្រុក និងបានវាយមកលើរូបនាងចំនួន២ដៃ និងបានចោទប្រកាន់ថា រត់ចេញពីផ្ទះមិនបានប្រាប់ដំណឹងទៅវិញ។

ក្រោយកើតហេតុ នាងក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំបាសាក់ក្នុងករណីប្រើហិង្សា និងបានឃាត់ខ្លួនបុរសជាប្ដីដើម្បីសាកសួរ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ខាងលើ និងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖