ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌមានជ័យប្រារព្ធទិវានារីអន្តរជាតិ៨មីនាលើកទី១០៧

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ សាលាខណ្ឌមានជ័យ បានធ្វើពិធីប្រារព្ធទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ។ ពិធីនេះបានប្រព្រឹត្ត ឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈពង្រឹងខណ្ឌមានជ័យ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌព្រមទាំងភរិយា និងមន្ត្រីក្រោមឱវាទសាលាខណ្ឌ មន្ត្រីនគរបាលនារីសរុប១៧៦នាក់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនារីមន្ត្រីសាលាខណ្ឌ ដែលបានចូលរួមរំលឹកខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងនូវការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជាទាំងមូល ហើយនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីសរហូតឈានដល់ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ទើបធ្វើឲ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសបានធ្វើឲ្យនារីៗមានសិទិ្ធគ្រប់យ៉ាងចូលរួមអភិវឌ្ឍន៍កសាង មានសិទិ្ធបំរើការងារជាថ្នាក់ដឹកនាំដូចបុរសផងដែរ ដែលចំណុចរាជរដ្ឋាភិបាលបាននឹងកំពុងលើកកម្ពស់យេនឌឺស្ត្រី។

លោកបន្តថា មិនមែនស្ត្រីបង្វិលឆ្នាំងបាយមិនជុំនោះទេ គឺខុសហើយគឺថាស្ត្រីមានសិទិ្ធស្មើនឹងបុរស មានសិទិ្ធធ្វើការរួមគ្នានិងបុរស។ ស្ត្រីឆ្លងកាត់ការលំបាកខ្លាំងណាស់ជាងបុរសជាប្តី បើនិយាយនៅតាមបណ្តារោងចក្រកាត់ដេរ៨០ភាគរយជានារី ហើយថ្មីៗនេះសម្តេចតេជោបានយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើកម្មការិនីរោងឲ្យមានប្រាក់ចូលនិវត្តន៍ ហើយចំពោះកម្មការិនីមានផ្ទៃពោះបានទទួលបា្រក់ឧបត្ថម្ភបន្ថែម ពេលសម្រាក់ឆ្លងទន្លេនិងមិនមានការកាត់លុយកាក់ឡើយ។ នេះជាការយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះលោក ប៉ា សុជាតិវង្ស ក៏បានស្នើដល់ស្ត្រីទាំងអស់កុំជឿលើការញុះញង់បំផ្លាញសន្តិភាពដែលរកបានមកដោយលំបាក់ និងដោយបានយកអាយុជីវិតរបស់សម្តេចទៅប្តូរ ចឹងមានតែការរួបរួមគ្នាថែរក្សាសន្តិភាពនេះ ឲ្យនៅគង់វង្សជារៀងរហូត។

ជាមួយគ្នានេះផងដែរ លោក ប៉ា សុជាតិវង្ស ក៏បានផ្តល់នូវថវិកាចំនួន១០ម៉ឺនរៀលដល់នារីៗ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យផ្តល់ជូន៥ម៉ឺនរៀលបន្ថែម និងសារ៉ុងម្នាក់១ផងដែរ សរុប១៧៦នាក់៕ តាឡឹម


ចែករំលែក៖