ប៉ោយប៉ែត៖ បុរសឥណ្ឌូនេស៊ីម្នាក់ស្លាប់តាមដងផ្លូវ ខណៈប្អូនប្រុសបង្កើតដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយមានអការមិនស្រួលខ្លួន សង្ស័យជំងឺបេះដូងកាលពីម៉ោងជិត៨យប់ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ។
ជនរងគ្រោះឈ្មោះ SUHARDI CHANTRA ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកអនឡាញកាស៊ីណូហូលីដេ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពថា មុនកើតហេតុ គេឃើញជនរងគ្រោះត្រូវបានគេសែងចេញពីបន្ទប់មួយ ម្ខាងផ្លូវមុខមន្ទីរសម្រាក និងព្យាបាលនគររាជ ហើយប្អូន ប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ WILLY CHANTRA បានដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លុះពេលទៅដល់ ក្រុមគ្រូពេទ្យនាំគ្នាជួយធ្វើចលនា និងពិនិត្យតាមបច្ចេកទេស ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។
តាមក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលប្រចាំការវេនយប់ថ្ងៃកើតហេតុប្រាប់ថា ជនរងគ្រោះសង្ស័យស្លាប់តាមដងផ្លូវ មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ព្រោះពេលពិនិត្យ ស្រាប់តែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនបរទេសខាងលើត្រូវបានគេតម្កល់នៅបន្ទប់តម្កល់សពក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំស្ថានទូតឥណ្ឌូនេស៊ីចុះទៅពិនិត្យមើល។
ប្រភពថា សពនឹងបូជាធ្វើបុណ្យនៅក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកប្អូនប្រុស នឹងយកធាតុទៅស្រុកជាក្រោយ ៕ វណ្ណា