ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRolls-Royce វិលទៅកាន់ប្រទេសស្វ៊ីសចូលរួមពិពណ៌រថយន្តក្រុងហ្សឺណែវឆ្នាំ2018

ចែករំលែក៖

ពិពណ៌រថយន្តក្រុងហ្សឺណែវឆ្នាំនេះនឹងមើលឃើញរថយន្តRolls-Royce វិលត្រលប់ទៅចូលរួមក្នុងពិធីនៅប្រទេសស្វ៊ីសនេះក្រោយពេលដែលសារព័ត៌មានពិភពលោកកាលពីប្រាំមួយខែមុនបានអះអាងថារថយន្តRolls-Royce Phantom ថ្មីគឺជា“រថយន្តល្អបំផុតក្នុងលោក”ក្នុងពិធីសម្ពោធរថយន្តនេះជាសកលនៅមាត់បឹងLake Lucerne។

ទន្ទឹមនឹងនេះរថយន្តPhantom បីគ្រឿងផ្សេងៗគ្នាដែលបញ្ជាទិញដោយដោយអ្នកជំនាញទំនិញប្រណីតក៏នឹងចូលបង្ហាញខ្លួនដើម្បីបញ្ជាក់ថាតើមូលហេតុអ្វីបានជាក្រុមហ៊ុនរថយន្តRolls-Royce គឺជាក្រុមហ៊ុនផលិតផលប្រណីតនៅក្នុងវិស័យអាជីវកម្មយានយន្តពោលគឺនិយាយឲ្យចំគឺផលិតតាមការច្នៃកុម្ម៉ង់ (Bespoke)។បន្ថែមលើនេះក្រុមហ៊ុនរថយន្តRolls-Royce នឹងបង្ហាញរថយន្តម៉ូដែលDawn Aero Cowling ដែលជាការអភិវឌ្ឍន៍បន្ថែមលើម៉ូដែលទ្វារពីរដ៏ស្រស់ស្អាតបំផុតក្នុងលោក។

រថយន្តPhantom បីគ្រឿងផ្សេងគ្នាជាមួយនឹងចក្ខុវិស័យបីយ៉ាងខុសៗគ្នារបស់អតិថិជនក្នុងពិពណ៌រថយន្តក្រុងហ្សឺណែវនាឆ្នាំនេះក្រុមហ៊ុនរថយន្តRolls-Royce នឹងបង្ហាញថាតើហេតុអ្វីខ្លួនត្រូវបានចាត់ទុកថាជាក្រុមហ៊ុនប្រណីតឈានមុខគេនៅក្នុងពិភពលោកដោយនឹងបង្ហាញនូវរថយន្តម៉ូដែលPhantom ខុសគ្នាចំនួនបីគ្រឿងដែលត្រូវបានរចនាឡើងសម្រាប់អតិថិជននីមួយៗរបស់ក្រុមហ៊ុន។រថយន្តPhantom ទីមួយមានឈ្មោះថាThe Gentleman’s Tourer ហើយរថយន្តនេះនឹងធ្វើឲ្យនឹកឃើញដល់សម័យកាលរថយន្តPhantom II Continental Saloons ដែលជារថយន្តប្រភេទGrand Tourer (ប្រភេទរថយន្តបើកបរកម្សាន្តក្នុងចម្ងាយឆ្ងាយ) ដ៏អស្ចារ្យបំផុតក្នងទសវត្សរ៍ឆ្នាំ1930។រថយន្តPhantom II Continental Saloons ទាំងនេះគឺមានទ្វារបួនហើយបើកបរដោយម្ចាស់ខ្លួនឯងសម្រាប់ការធ្វើដំណើរឆ្ងាយៗជាមួយនឹងមិត្តភក្តិទៅកាន់ទីកន្លែងនានាទូទាំងទ្វីបអឺរ៉ុបឬនៅសហរដ្ឋអាមេរិក។

រថយន្តPhantom តួវែងពិសេសពីរគ្រឿងផ្សេងទៀតក៏តាំងបង្ហាញនៅបញ្ជររបស់រថយន្តRolls-Royce ផងដែរនៅក្នុងពិពណ៌រថយន្តក្រុងហ្សឺណែវឆ្នាំ2018នេះ។មួយគ្រឿងឈ្មោះថាWhispered Muse និងមួយគ្រឿងទៀតឈ្មោះថាA Moment in Time គឺជារថយន្តPhantom ស៊េរីថ្មីពីរគ្រឿងដំបូងដែលត្រូវបានកុម្ម៉ង់ជាមួយនឹងវិចិត្រសាលដែលរចនាដោយវិចិត្រករនិងមានតែមួយប៉ុណ្ណោះ។

អ្នកស្រីHelen Amy Murray ដែលជាវិចិត្រករបានថ្លែងអំពីការរចនាថា៖“ខ្ញុំមានការចាប់អារម្មណ៍ចំពោះគុណភាពនៃគំនូរទេវរូបSpirit of Ecstasy របស់លោកCharles Sykes។គំនូរទាំងអស់នេះអនុញ្ញាតឲ្យខ្ញុំអាចបញ្ចូលនូវទម្រង់ស្ត្រីទៅក្នុងការងាររចនារបស់ខ្ញុំ។ខ្ញុំចង់ឲ្យវិចិត្រសាលដែលគេកុម៉ង់ខ្ញុំមើលទៅមានលក្ខណៈទន់ភ្លន់និងល្អប្រពៃ។ចន្លោះបន្ទាត់ដាច់ៗព្រាលៗជួយឲ្យទេវរូបកាន់តែមានភាពលេចធ្លោ”។

ពិធីពិពណ៌រថយន្តក្រុងហ្សឺណែវក៏នឹងឃើញមានការបង្ហាញម៉ូដែលDawn ដែលអភិវឌ្ឍថ្មី។កំណែប្រែថ្មីសម្រាប់ម៉ូដែលDawn នេះគឺដោយសារតែអ្នករចនាម៉ូតរបស់រថយន្តRolls-Royce ទទួលស្គាល់ថាអតិថិជនមួយចំនួនប្រហែលជាចង់បានភាពបត់បែនប្រសើរជាងមុនទាក់ទិននឹងរូបរាងនិងភាពអាចប្រើប្រាស់ជាក់ស្ដែងសម្រាប់Drophead coupé ដ៏ប្រណីតបំផុតក្នុងលោកនេះ។ដូច្នេះហើយម៉ូដែលDawn Aero Cowling ក៏ចាប់កំណើតឡើង។ រថយន្តAero Cowling បានកែប្រែម៉ូដែលDawn ឲ្យទៅជារថយន្តទ្វារពីរដែលនៅតែរក្សាភាពជារថយន្តប្រណីតបើកដំបូលដែលចូលក្នុងសង្គមជាងគេបំផុតតាមរយៈការបង្កើតនូវដំបូលដែលវែងជាងមុននៅពីលើកៅអីផ្នែកខាងក្រោយ៕ វឌ្ឍនា


ចែករំលែក៖