ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកវាយកូនប្រសារនឹងគល់ឫស្សីស្លាប់ ខណៈបង្កហិង្សាលើប្រពន្ធកូន និងយកកាំបិតដេញកាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកកូនមុំបានឃាត់ខ្លួនពីបទប្រើអំពើហិង្សា មានស្ថានទម្ងន់ដោយយកគល់ឫស្សី វាយទៅលើកូនប្រសាររបស់ខ្លួនរហូតដល់បាត់បង់ជីវិត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤ និង១០នាទី ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិ១(អូរខ្វេះ) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពពីមន្រ្តីនគបាល ស្រុកកូនមុំបានឲ្យដឹងថា ជនសង្សយ័មានឈ្មោះ ប្រាក់ ភារុន ភេទប្រុស អាយុ៤៩ឆ្នាំមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានយកគល់ឫស្សីគ្លៃវាយទៅលើជនរងគ្រោះត្រូវជាកូនប្រសាររហូតដល់ស្លាប់នៅនឹងកន្លែងភ្លាមៗ ។

ជនរងគ្រោះជាកូនប្រសារ ឈ្មោះសេង ចាន់ដឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅជាមួយគ្នា ។

តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថ ស្រុកកូនមុំបានឲ្យដឹងថា អំពើហង្សាមួយនេះផ្តើមចេញពីជនរងគ្រោះបង្កឡើង ដោយដើរផឹកសុីស្រវឹងរករឿងឈ្លោះ និងប្រើអំពើហិង្សាដល់ប្រពន្ធកូនជារៀងរាល់ថ្ងៃ តែងតែជេបញ្ចោដៀលពូជរាលដាលដល់ឪពុកក្មេក ម្តាយក្មេកជារឿយៗ ធ្វើឲ្យឪពុកក្មេកទ្រាំលែងបានម្តងៗ ។

ប្រភពបន្តថា ក្នុងថ្ងៃកើតហេតុ ជនរងគ្រោះនោះបានបង្កទំនាស់យ៉ាងខ្លាំង និងប្រើអំពើហិង្សាក្នុងគ្រួសារ និងយកកាំបិតខ្វែវដេញកាប់ឪពុកក្មេក តែត្រូវឪពុកក្មេកឆក់បានគល់ឫស្សីវាយសំពងបានមុនរហូតដល់ស្លាប់នៅ នឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ និងអធិការដ្ឋាន ស្រុកកូនមុំបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនភ្លាមៗដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត


ចែករំលែក៖