ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៧យប់ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បុគ្គលិកធ្វើការនៅ កាស៊ីណូឡាយ អុិនស៊ីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីលេខ៥០០ ឆ្នេរអូរឈើទាល ស្ថិតនៅក្នុងក្រុម១៧ ភូមិ០៤ សង្កាត់លេខ០៤ ក្រុង ខេត្តព្រះសីហនុ ប្រមាណ៧៣នាក់ មានប្រុស_ស្រី បានមកប្រមូលផ្តុំគ្នានៅខាងមុខកាស៊ីណូ តវ៉ាជាមួយថៅកែរកាស៊ីណូខាងលើក្នុងគោលបំណងទាមទារប្រាក់បៀវត្សរ៍ប្រចាំខែកុម្ភ: ឆ្នាំ២០១៨ ដែលថៅកែរកាស៊ីណូខាងលើមិនបានបើកឲ្យបុគ្គលិកកម្មករ កម្មការិនី ក្រោយពីមានការប្រមូលផ្តុំខាងលើថៅកែរកាស៊ីណូបានរត់គេចខ្លួនបាត់ ។
នៅក្នុងហេតុការណ៍ខាងលើក៏សង្កេតឃើញមានវត្តមានលោកយ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ: ចុះអន្តរាគមន៍ស្វែងរកដំណោះស្រាយជូនដល់បុគ្គលិកកម្មករកម្មការិនី ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលជូនដល់បុគ្គលិកកម្មករកម្មការិនីនៅឡើយទេ ហើយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅតែបន្តកិច្ចការពារយាមល្បាតមិនឲ្យមានករណីហិង្សាកើតឡើងផងដែរ ។
លោកយ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ថា លោកបានទទួលពាក្យបណ្តឹងសុំជួយអន្តរាគមន៍ ០១ច្បាប់ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ របស់បុគ្គលិកកម្មករ កម្មការិនី កាស៊ីណូខាងលើ បានប្តឹង លោក KIM HAYANGLAE នាយកគ្រប់គ្រងកាស៊ីណូខាងលើ ដែលបានរត់គេចខ្លួន និងមិនបានទូទាត់ប្រាក់បៀវត្សរ៍ប្រចាំខែកុម្ភ:ឆ្នាំ២០១៨ជូនដល់បុគ្គលិកកម្មករកម្មការិនីក្នុងកាស៊ីណូខាងលើ ។
លោកបានបន្តបន្ថែមឲ្យដឹងទៀតថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងលោកនិងអនុវត្តទៅតាមមាត្រា១១៧ច្បាប់ស្តីពីការបើកប្រាក់ឲ្យបុគ្គលិក កម្មករ កម្មការិនីរបស់និយោជក់ដោយគ្មានសមហេតុផល ធិការការងារត្រូវដាក់កំហិតដល់និយោជកឲ្យបើកប្រាក់ឈ្នួលឲ្យទៅបុគ្គលិកកម្មករនិយោជិត ដោយកម្រិតរយ:ពេលដែលត្រូវបើកប្រាក់ឈ្នួលនោះ ។
កាលណាប្រាក់ឈ្នួលនោះមិនបានបើកក្នុងរយ:ពេល ដែលបានកម្រិតនោះ អធិការការងារត្រូវធ្វើកំណត់ហេតុហើយបញ្ជូនសំណុំរឿងនេះ ដោយឥតគិតសោហ៊ុយទៅតុលាការ មានសមត្ថកិច្ច ដែលអាចចាត់គ្រប់វិធានការ រក្សាទ្រព្យសម្បត្តិទុកជាប្រយោជន៍កម្មករ និយោជិតព្រមទាំងចាត់តាំងអភិបាលបណ្តោះអាសន្នមួយរូបផង ក៏បានបន្ទាប់មកអធិការការងារអាចប្តឹងចោទប្រកាន់គ្រប់បែបយ៉ាងឲ្យនិយោជក បំពេញកាតព្វកិច្ចចំពោះបុគ្គលិកកម្មករនិយោជិត ៕ ឆ្លាម សមុទ្រ