ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តព្រៃវែង-ស្វាយរៀង៖ រសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។

ក្នុងឱកាសចុះពិនិត្យការងារនោះ លោករដ្ឋមន្ត្រី ក៏បានជួបជាមួយអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាអ្នកអនុវត្តគម្រោងនេះ ដោយលោកបានណែនាំបន្ថែមលើលក្ខណៈបច្ចេកទេសមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រព័ន្ធធារាសាស្ត្រ ក្រោយពេលសាងសង់រួច មានគុណភាពល្អ ធានាការប្រើប្រាស់យូរអង្វែង ។

គួររំលឹកផងដែរថា គម្រោងប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រជាកសិករប្រមាណ ១០ ម៉ឺនហិកតា កំពុងត្រូវបានដំណើរការសាងសង់យ៉ាងមមាញឹក ។ ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី ២ នេះ មាន ៖
– ជីកព្រែក ០២ ខ្សែ សរុបប្រវែង ១៤,៦ គម
– សាងសង់ប្រឡាយមេ ០៤ ខ្សែ សរុបប្រវែង ៥៩,៥ គម
– សាងសង់ទំនប់សណ្តរ ប្រវែង ៤១,៥ គម
– សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង, សំណង់ស្ទាក់ទឹក ៦ កន្លែង និងសំណង់សម្រួលចរន្តទឹក ៨ កន្លែង ។
– សាងសង់ស្ថានីយបូមទឹក ចំនួន ០៤ កន្លែង និងសំណង់លូទឹក ៣២ កន្លែង ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលនេះ គ្រោងនឹងប្រើរយៈពេលប្រមាណ ៥២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ ។ តាមការរំពឹងទុក ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ដល់ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាប្រមាណ ៩៣.១០០ ហិកតា និងស្រូវប្រាំង ២៣.៣០០ ហិកតា បន្ថែមទៀត នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។

នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ ២០២១ ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ (ជំហានទី ១ និងជំហានទី ២) មានសក្តានុពលទឹកស្រោចស្រពស្រូវវស្សា និងស្រូវប្រាំង នៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប្រមាណ ៣០ ម៉ឺនហិកតា៕ សុខ ខេមរា


ចែករំលែក៖