ភ្នំពេញ៖ ថ្លែងនៅក្នុងទិវាអន្តរជាតិនារី៨ មីនា ខួបលើកទី១០៧ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកខណ្ឌដង្កោលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានលើកឡើងថា៖ ប្រធានបទស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ពិតជាបានធ្វើឲ្យរូបលោកផ្ទាល់ពេញចិត្តយ៉ាងខ្លាំង។ លោកឧត្តមសេនីយ៍ត្រីដដែលបន្តថា ស្ត្រីបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការងាររដ្ឋនិងនៅតាមបណ្តាស្ថាប័ន ក្រសួង រាជធានីខេត្ត សុទ្ធសឹងជានារីមានមុខងារតួនាទីតំណែងជួររដ្ឋាភិបាល។ ស្ត្រីក៏ជាកម្លាំងស្នូលមួយក្នុងការចូលរួមការងារអភិវឌ្ឍន៍ប្រទេស ដែលមិនអាចខ្វះបានឡើយ។
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនគរបាលរាជធានី ទទួលបន្ទុកខណ្ឌដង្កោនៅក្នុងឱកាសបា្ររព្ធទិវាខួបលើកទី១០៧ នារីអន្តរជាតិ៨ មីនា ដែលបានប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃពុធ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌដង្កោ។
លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានលើកឡើងបន្ថែមថា ដោយសារការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា ហើយនាំមកនូវសន្តិភាពជូនប្រទេសជាត និងប្រជាជនរហូតមកដល់បច្ចុប្បន្នទើបធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ មានផ្លូវថ្នល់ សាលារៀន ស្ពានឆ្លងទន្លេ បឹង បួរ ព្រែក វត្តអារ៉ាម ស្ពានអាកាស អគារខ្ពស់ៗ ទាំងនេះសុទ្ធសិងជាស្នាដៃសមិទិ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជន ដែលមានសម្តេចអគ្គមហាទាំងបីជាប្រមុខដឹកនាំ។ នេះគឺដោយសារប្រទេសមានសន្តិភាពពេញលេញ ទើបមានឱកាសអភិវឌ្ឍន៍បាន បើពុំមានសន្តិភាពទេនោះក៏មិនអាចធ្វើអ្វីកើតទេ ហើយនារីៗក៏ពុំមានឱកាសណាចូលរួមអភិវឌ្ឍន៍ ដូចដែលប្រធានបទខាងលើនេះដែរ៕ តាឡឹម