ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់កងទ័ពនៅតាមបន្ទាត់ព្រំដែនថា ត្រូវរក្សាជំហរឲ្យបានម៉ឹងម៉ាត់ស្មោះត្រង់ចំពោះជាតិ និងរាជរដ្ឋាភិបាល មិនត្រូវចាញ់ឧបាកលទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការបង្កភាពវឹកវរដល់ជាតិ និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋនោះឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម លើកឡើងដូច្នេះក្នុងពេលអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៨ របស់កងពលធំអន្តរាគមន៍លេខ៣ នៅរសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។ នាយឧត្តមសេនីយ៍ គន់ គីម បានកោតសសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានចំណុះកងពលធំទាំងមូល ដែលបានខិតខំបំពេញភារកិច្ចការ ពារបូរណភាពទឹកដី ការហ្វឹកហ្វឺន ការកសាងពង្រឹងអង្គភាព និងជួយគាស់រានដីជូនគ្រួសារទ័ព។
ក្នុងពិធីនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ព្រមទាំងបានលើកបង្ហាញពីទង្វើទុច្ចរិតមួយចំនួនរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ពួកគេ ដើម្បីជួយឲ្យបក្សដែលត្រូវរំលាយព្រោះទង្វើក្បត់ជាតិមានដង្ហើមឡើងវិញ។
មេទ័ពដែលចុះជាប់ជាប្រចាំជាមួយកងទ័ពតាមទល់ដែនរូបនេះ បានរំលេចថា បន្ទាប់ពីបរាជ័យលើសមរភូមិការទូតក្នុងការស្វែងរកអន្តរជាតិជួយខ្លួននោះ សម រង្ស៊ី បាននឹងកំពុងប្រើឧបាយកលពិសពុលញុះញង់ប្រជាពលរដ្ឋ និងកងទ័ពផងដែរឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល និងមិនឲ្យស្តាប់មេបញ្ជាការជាដើម។
នាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរំលឹកដល់កងទ័ពថា កងទ័ពត្រូវតែស្មោះត្រង់ចំពោះជាតិ និងការពាររាជរដ្ឋាភិបាលកើតចេញពីការ បោះឆ្នោត។ ជាពិសេសត្រូវប្រឆាំងដាច់ខាតរាល់ទង្វើទាំងឡាយ ដែលនាំមកនូវភាពវឹកវរសម្រាប់ជាតិ និងប្រជាជន។
«យើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនបានដឹងច្បាស់ហើយថា រយៈពេល១០ឆ្នាំមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគិតគូរដល់ពួកយើងរាប់តាំងពីជំរុំបន្ទាយ ផ្លូវ មន្ទីរពេទ្យសាលារៀន ស្រះ អណ្តូងទឹក ផ្តល់ដី ផ្ទះជាច្រើនពាន់ជូនគ្រួសារទ័ព ធ្វើឲ្យតំបន់ព្រំដែនទទួលបានការអភិវឌ្ឃគួរជាទីមោទនៈ។ ជានិច្ចកាលសម្តេចតែងគិតគូពីជីវភាពទ័ព ដូចជាផ្តល់ប្រាក់ហូបបន្ថែម ខែភ្លៀងផ្តល់អាវភ្លៀង ខែរងារ ផ្តល់អាវរងារ រហូតដល់កងទ័ពប្រសិទ្ធនាមជូនសម្តេចទាំងពីរថា ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់។
មេទ័ពជាន់ខ្ពស់របស់កម្ពុជារូបនេះបន្ថែមថា «យើងជាកងទ័ពត្រូវតែការពាររាជរដ្ឋាភិបាលអនុវត្តតាមបញ្ជារបស់សម្តេចតេជោ ព្រោះសម្តេចជាប្រមុខរាជរដ្ឋាភិបាលជាស្ថាបនិកនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ត្រូវតែប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្សី និងបក្ខពួក»។
បន្ទាប់ពីបានស្តាប់នូវការណែនាំ និងបង្ហាញនូវឧបាយកលទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី ហើយនោះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការសមរភូមិទិសទី១ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទិសទី១ បានប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពទណ្ឌិត សម រង្សី បក្ខពួក និងចលនាសង្គ្រោះជាតិក្រៅច្បាប់។
លោក ស្រី ឌឹក បានប្រកាសថា កងទ័ពនៅអង្គភាពរបស់លោកត្រៀមខ្លួនជាស្រេចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល និងអនុវត្តដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕ ហេង សូរិយា