ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលយុត្ដិធម៍ស្រុកកោះធំ ចុះអនុវត្ដន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទលួច ។ ជនត្រូវចោទត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១និង០៥នាទី ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួននោះឈ្មោះ អ៊ឹម រតនៈ ហៅសេក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៤០ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ដោយលោក ទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកណ្ដាល ចោទប្រកាន់ពីបទលួច ប្រព្រឹត្ដនៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ។
ប្រភពដដែលបន្ដថា បទលួចត្រូវផ្ដន្ទាទោសទៅតាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៣៥៣នៃក្រមព្រហ្មទណ្ឌ អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនិងទ្រព្យសម្បត្ដិ ឬវត្ថុផ្សេងទៀតរបស់អ្នកដរទៃតាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ មាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល ។
គួររំឮកថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ អ៊ឹម រតនៈ ហៅសេក បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃរបស់ជនរងគ្រោះរស់នៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យរូបនេះ បានគេចខ្លួនចេញពីកន្លែងកើតហេតុ និងបន្ដគេចខ្លួនចេញពីមូលដ្ឋានរបស់ខ្លួនរស់នៅ ។ សកម្មភាពលួចនេះ ត្រូវបានជនរងគ្រោះក៏ដូចជាសមត្ថកិច្ចជំនាញក្ដាប់បានមុខសញ្ញាជនសង្ស័យ សមត្ថកិច្ចក៏បានកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយមកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ចៅក្រម ទី សំណាង ក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទខាងលើនេះតែម្ដង ៕ ស្អាងជ័យ