ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់រៀលខ្មែរត្រូវបានគេមិនសូវឲ្យម្លៃនៅទីផ្សារហាងលក់ទំនិញ ភោជនីយដ្ឋាន និងផ្សារម៉ាត នៅតំបន់កាស៊ីណូ ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រាក់រៀលខ្មែរគេមើលឃើញថា មិនសូវត្រូវបានគេឲ្យម្លៃនៅទីផ្សារហាងលក់ទំនិញ ភោជនីយដ្ឋាន និងផ្សារម៉ាត ក្រុងប៉ោយប៉ែត និងនៅក្នុងតំបន់កាស៊ីណូក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ភាគច្រើននៅតំបន់ក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ គេឲ្យតម្លៃប្រាក់បាតថៃទូទាត់ប្រើប្រាស់ជាសាច់ប្រាក់ សម្រាប់ទិញទំនិញជំនួសប្រាក់រៀលខ្មែរ ។

បញ្ហានេះហើយ ទើបមន្រ្តីជំនាញប្រញ៉ាប់ចុះទៅអប់រំផ្សព្វផ្សាយ និងបានព្រមានដើម្បីមានវិធានការតាមផ្លូវច្បាប់ ចំពោះពាណិជ្ជករ អាជីវករ និងសេវាករ ដែលមិនបានប្រើប្រាស់ទូទាត់ប្រាក់រៀលខ្មែរ ក្នុងអាជីវកម្មរបស់ខ្លួននោះទេ ។

មន្រ្តីជំនាញកាំកុងត្រូល និងមន្រ្តីមន្ទីរពាណិជ្ជ ក៏បានជំរុញឲ្យម្ចាស់ទីតាំងលក់ទំនិញ និងម្ចាស់ផ្សារម៉ាតជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែតត្រូវតែបិទរាល់មុខទំនិញដាក់តាំងលក់សរសេរជាប្រាក់រៀល និងទូទាត់សាច់ប្រាក់ពីអតិថិជនជាប្រាក់រៀលផងដែរ ។ ក្នុងករណីដែលមន្រ្តីជំនាញចុះផ្សព្វផ្សាយអប់រំរួចហើយ បើម្ចាស់ទីតាំងលក់ទំនិញ និងម្ចាស់ផ្សារម៉ាតមិនអនុវត្តទៅតាមការណែនាំរបស់ន្រ្តីជំនាញនោះទេ ហើយថ្ងៃក្រោយន្រ្តីជំនាញចុះមកត្រួតពិនិត្យម្តងទៀតរកឃើញមិនអនុវត្តតាមការណែនាំអាច និងប្រឈមពិន័យជាទឹករឺក៏ប្រឈមអនុវត្តតាមផ្លូវច្បាប់នោះផងដែរ ។

ការជំរុញបែបនោះពីសំណាក់មន្រ្តីជំនាញត្រូវគេមើលឃើញថា តំបន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃជាពិសេសនៅតាមបណ្តាផ្សារម៉ាត និងទីតាំងលក់ទំនិញ ភោជនីយដ្ឋាននៅក្រុងប៉ោយប៉ែតមួយចំនួន និងនៅតំបន់កាស៊ីណូត្រូវគេមើលឃើញថាប្រាក់រៀលខ្មែរគេមិនសូវឲ្យតម្លៃ និងយកមកប្រើប្រាស់ទូទាត់ចាយវាយ និងការទិញទំនិញនោះឡើយ ។ ភាគច្រើនម្ចាស់ទីតាំងលក់ទំនិញ និងនៅតាមផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋានគេទូទាត់ និងប្រើប្រាស់ជាបា្រក់បាតថៃ ។ បញ្ហាការចាយវាយប្រាក់បាតថៃនៅក្នុងហាងលក់ទំនិញ និងនៅតាមភោជនីយដ្ឋាន តាមផ្សារម៉ាតនៅតំបន់ក្រុងប៉ោយប៉ែតនោះហើយកន្លងមកធ្លាប់រងការរិះគន់ពីប្រជាពលរដ្ឋខ្មែរថា ការធ្វើអាជីវកម្មនៅលើទឹកដីខ្មែរ បែរជាទូទាត់ជាសាច់ប្រាក់បរទេសទៅវិញ ។

មន្រ្តីជំនាញកាំកុងត្រូល និងមន្រ្តីពាណិជ្ជកម្មបានចុះផ្ស្វព្វផ្សាយអប់រំចំពោះម្ចាស់ទីតាំង និងម្ចាស់ផ្សារម៉ាតនៅតំបន់ក្រុងប៉ោយប៉ែតធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត ក្នុងនោះមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តផងដែរ ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានលើកឡើងថា មន្រ្តីជំនាញអនុវត្តឲ្យមានការសរសេររាយមុខទំនិញតាំងលក់ក្នុងផ្សារម៉ាតរឺទីតាំងលក់ទំនិញ មន្ត្រីជំនាញយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្តីពីការបិទស្លាកលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរដោយធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌ ។

លោកបញ្ជាក់ឲ្យដឹងទៀតថាក្នុងប្រកាសនៃប្រការ៨ គ្រប់ពាណិជ្ជករ អាជីវករទាំងឡាយដែលមិនអនុវត្តតាមប្រកាសនេះទេត្រូវបានចាត់ទុកកិច្ចប្រតិបត្តិការលក់ទំនិញ ជាអំពើខុសច្បាប់ហើយ និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ឬផាកពិន័យជាទឹកប្រាក់ចំនួន២លានរៀលដល់៦លានរៀល ។

លោកបានណែនាំប្រាប់អាជីវករទៀតថា ក្នុងករណីដែលពាណិជ្ជករ អាជីវករ និងសេវាករ ចង់សរសេររាយមុខទំនិញជាតម្លៃរុបិយប័ណ្ណបរទេសអាចទៅទំនាក់ទំនងសួរនាំព័ត៌មានខាងមន្ទីរពាណិជ្ជកម្មខេត្ត ។

សូមបញ្ជាក់ថា ខណៈដែលមន្រ្តីជំនាញចុះអប់រំផ្សព្វផ្សាយណែនាំការអនុវត្តសេចក្តីប្រកាសស្តីពីការបិទលើមុខទំនិញ និងសេវាគ្រប់ប្រភេទជាប្រាក់រៀល មន្រ្តីជំនាញក៏បានពិនិត្យរកគុណភាពសុវត្ថិភាព សុវត្ថិភាព ផលិតផលចំណីអាហារនៅទីតាំលក់ទំនិញ និងនៅតាមផ្សារម៉ាតជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត និងបានរកឃើញទំនិញ និងផលិតផលម្ហូបអាហារមួយចំនួនហួសកាលកំណត់ប្រើប្រាស់ជាច្រើនមុខជាមុខញ្ញាបង្កឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដោយមន្រ្តីជំនាញក៏បានដកហូតយកមករក្សាទុកដើម្បីដុតកម្ទេចចោលបញ្ចៀសផលប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះ៕ សំ វិច្ឆិកា


ចែករំលែក៖