ប៉ោយប៉ែត៖ កម្មករម្នាក់ត្រូវដីបាក់សង្កត់ក្នុងរណ្តៅខណៈចុះទៅដាប់ឬស្វានសរសគ្រិះដើម្បីចាក់បេតុងតសរសរថ្មីបង្កភ្ញាក់ផ្អើល ។
ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ម្តុំផ្ទះសំណាក់លីហូវ ។
ជនរងគ្រោះឈ្មោះ ជៀប ចេកភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅភូមិស្វាយឃុំបឹងបត់កណ្តោល ស្រុកបាកានខេត្តពោធិ៍សាត់ ។
ប្រភពពីកម្មកររួមអាជីពម្នាក់ឈ្មោះលាភ សុភ័ក្រ ភេទប្រុសអាយុ២៨ឆ្នាំ ប្រាប់ថា ដំបូងកម្មករចុះទៅក្នុងរណ្តៅដី ដើម្បីស្វាន ឬដាប់សរសគ្រិះនោះមាន៤នាក់ លុះកំពុងធ្វើការ ស្រាប់តែបាក់រណ្តៅដីកប់បាត់ជនរងគ្រោះ ខណៈគាត់និងកម្មករ៣នាក់ទៀត នៅរណ្តៅផ្សេងឮ ក៏នាំគ្នាកាយដីរកជិត២នាទីទើបឃើញក្បាលជនរងគ្រោះ ហើយនាំគ្នាកាយបន្តកន្លះម៉ោងទើបយកជនរងគ្រោះពីរណ្តៅកើតហេតុបាន ។
ជនរងគ្រោះត្រូវបានក្រុមកម្មកររួមអាជីពដឹកតាមរ៉ឺម៉កម៉ូតូកង់បីទៅមណ្ឌលសុខភាពប៉ោយប៉ែត១ ដែលនៅក្បែរនោះដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ ។
គួរបញ្ជាក់ថា ករណីដូចខាងលើកន្លងមក ក៏ធ្លាប់កើតមានដែរ ក្នុងភូមិបាលិលេយ្យខាងលិចធនាគារអេស៊ីលីដាជាប់ដងផ្លូវជាតិលេខ៥ ខណៈកម្មករម្នាក់ចុះទៅយកម៉ូទ័របូមទឹកស្រាប់តែបាក់ដីសង្កត់ស្លាប់ភ្លាមៗ ៕ វណ្ណា