ខេត្តព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំង ស្ទាក់ចាប់គល់រាំងដ៏ធំមួយ ដើម ខណៈដែលក្រុមឈ្មួញដឹកតាមរ៉ឺម៉ក ម៉ូតូបម្រុងឆ្លងដែនយកទៅលក់នៅប្រទេស វៀតណាម កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ត្រង់ចំណុចខាងលិចគល់ស្ពានស្នាយពល ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
អធិការនគរបាលស្រុកពារាំង លោក ស៊ឹម កុសលបានឲ្យដឹងថា រ៉ឺម៉កដឹកគល់រាំង នេះ គឺឈ្មួញដឹកចេញពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលដឹកឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៨បម្រុងយកទៅលក់ នៅប្រទេស វៀតណាម ប៉ុន្តែត្រូវបានកម្លាំងរបស់លោក ស្ទាក់ចាប់ឃាត់បានទាំងយប់នៅចំណុចខាងលើ រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
អធិការនគរបាលស្រុកពារាំងបន្តថា អ្នក បើកបររ៉ឺម៉កពេលឃើញកម្លាំងសមត្ថកិច្ចនៅពីមុខបានឈប់រ៉ឺម៉កលោតចុះរត់ចូលព្រៃគេចខ្លួនបាត់ស្រមោលទាំងយប់។ លោកថា លុះដល់ថ្ងៃទី៧ មីនា ឆ្នាំ២០១៨ ទើបធ្វើកំណត់ហេតុប្រគល់ឲ្យមន្ត្រីជំនាញជលផលចាត់ការបន្តតាមនីតិវិធី។
លោក មុត ខេមរា នាយសង្កាត់រដ្ឋបាលជលផលស្រុកពារាំងបានប្រាប់ថា ចំពោះ គល់រាំងដែលមន្ត្រីនគរបាលស្រុកពារាំង ឃាត់បានប្រគល់ឲ្យមកនេះ លោកបាន ជួលរថយន្តទៅស្ទូចយកមកដាក់ដាំនៅ ក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨រួចរាល់ហើយ៕ ហេង នរិន្ទ្រ