ខេត្តបាត់ដំបង៖ កាស៊ីណូអត់ស្លាកមួយកន្លែងនៅក្បែរច្រកតំបន់អូររំដួល ស្ថិតក្នុងឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែង ជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហាក់មិន មានចំណាត់ការ ។
ប្រភពពីអ្នកលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូអត់ស្លាកឈ្មោះបានឲ្យដឹងថា នៅទីនេះគឺជាកាស៊ីណូហើយបើកសង្វៀន ជល់មាន់លេងតាមចិត្ត មិនបាច់ខ្លាចញញើតសមត្ថកិច្ចទេ។ប្រភពបានបន្តថាពេលទៅក្នុងកាស៊ីណូនោះគឺបើកឲ្យប្រជាពលរដ្ឋខ្មែរថៃ និងគ្រប់ជាតិសាសន៍ចូលទៅលេង ដោយគ្រាន់តែផ្ញើរថយន្តមួយគ្រឿងតម្លៃ៥ពាន់រៀល ម៉ូតូ២ពាន់រៀល ហើយចូលទៅខាងក្នុងលេងល្បែងជាច្រើនប្រភេទបានឈ្នះចាញ់ជាប្រាក់រាប់ពាន់ម៉ឺនដុល្លារទៅតាមចិត្ត។
ពាក់ព័ន្ធករណីនេះ លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកទទួលព្រហ្ម ទណ្ឌបានឲ្យដឹងថាកន្លែងបើកសង្វៀនជល់ មាន់ និងមានលេងល្បែងជាច្រើនមុខទៀតនៅក្បែរច្រកតំបន់អូររំដួលនោះ គឺជាកាស៊ីណូ ដែលម្ចាស់កំពុងតែរត់ច្បាប់នៅឡើយ បើ ច្បាប់អនុញ្ញាតឲ្យលេងល្បែងអ្វីគឺគេបើកលេងបានទាំងអស់ហើយ។
លោកអធិការរងបានបន្តថា កាលពី កន្លងទៅអធិការស្រុកភ្នំព្រឹកបានចុះទៅត្រួតពិនិត្យឃើញនៅក្នុងហ្នឹងគេកំពុងដំណើរការលេងល្បែងជល់មាន់ យ៉ូគី ល្បែង អាប៉ោង បៀ ប្រភេទចាក់ក្រហម ចាក់ខៀវ និងល្បែងផ្សេងៗជាច្រើនប្រភេទផ្សេងទៀត។
លោក សារ៉េត វិសេដ្ឋ បានបន្ថែមថា កាស៊ីណូមួយនេះប្រហែលមួយខែទៀត នឹងសម្ពោធដាក់ឲ្យដំណើរ ហើយសូមជំរុញខាងភាគីកាស៊ីណូនេះរត់ការច្បាប់ឲ្យបានលឿន និងឲ្យអស់មកទើបអាចដោះស្រាយបានស្រួល ៕ ហេង នរិន្ទ្រ