ព័ត៌មានទាន់ហេតុការណ៍៖

មេខ្លោងលួចរថយន្តដ៏សកម្មត្រូវសមត្តកិច្ចចាប់ខ្លួនបាននៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មេខ្លោងជំនាញខាងលួចរថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ក្រួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួននៅចំណុច មុខសួនច្បារ មុខសាលាខេត្ត ខណៈដែលជនសង្ស័យខាងលើ មកសម្ងំលាក់ខ្លួន នៅខេត្តកំពង់ឆ្នាំង រយៈពេលពីរថ្ងៃទើបសមត្ថកិច្ចរកឃើញកាលពីល្ងាច ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះសៅ វាសនា អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅ ស្រុកស្រីសន្ឋ ខេត្តកំពង់ចាម និងមានទីលំនៅបច្ចុប្បន្ន សង្កាត់ទឹកល្អក់ទី១ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា បន្ទាប់សមត្ថកិច្ចក្រសួងមហាផ្ទៃចាប់បាន បក្ខពួក ជនសង្ស័យខាងលើ ដែលជំនាញ ខាងលួចរថយន្តនៅរាជធានីភ្នំពេញបានពីរនាក់ បានដឹងថា នៅសល់ម្នាក់ទៀតគឺឈ្មោះ សៅ វាសនា ដែលជាមេខ្លោងខាងលួចរថយន្ត ហើយកំពុងគេចខ្លួន តាមបណ្តាខេត្តនានា ។

ក្រោយមកសមត្ថកិច្ចបានដឹងថា ជនសង្ស័យខាងលើ បានមកសម្ងំលាក់ខ្លួននៅខេត្តកំពង់ឆ្នាំង ទើបសមត្ថកិច្ចក្រួសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្ត បានឃ្លាំមើល រយៈពេល ២ថ្ងៃ ទើប នៅវេលាម៉ោង ប្រមាណជាង៥ ល្ងាច ថ្ងៃទី ៧ ខែមីនា សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យខាងលើ កំពុង នាំប្រពន្ធ និងកូន មកលេងកម្សាន្ត នៅសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំង ទើបឈានដល់ការចាប់ខ្លួនតែម្តង ។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានរថយន្តម៉ាក ហាយឡិនឌ័រមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AK.6808 និងគ្រឿងសម្ភាសរៈ សម្រាប់ ធ្វើសកម្មភាព ជាច្រើន ទៀត មាននៅក្នុងរថយន្តខាងលើ។

យោងតាមប្រភព ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានឲ្យដឹងថាៈ បក្ខពួកពីរនាក់ ដែលសមត្ថកិច្ចចាប់បានមានម្នាក់ឈ្មោះ ហេង ដែលជាដៃជើងរបស់ឈ្មោះ សៅ វាសនា ជាមេខ្លោង ហើយពួកគេទាំង៣នាក់ បានធ្វើសកម្មភាពលួចរថយន្តនៅរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ៕ ចន្ថា


ចែករំលែក៖