ខេត្តកំពង់ស្ពឺ៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆេះគ្មានសល់ ដោយសារតែឪពុកទៅពេទ្យ ហើយម្តាយចេញទៅធ្វើការងាររោងចក្របាត់មិននៅផ្ទះ ហើយកូនប្រុស អាយុ៩ឆ្នាំ(ជាមនុស្សគ)ថែមទៀតផងនោះ ឃ្លានបាយបានដាក់ដាំបាយភ្លេចពន្លត់ភ្លើងបណ្តាលឲ្យឆេះផ្ទះអស់គ្មានសល់ឡើយ ។
ហេតុការណ៍ភ្លើងឆេះផ្ទះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងប្រិយ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់នគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថាផ្ទះដែលអគ្គិភ័យឆេះនោះ១ខ្នងមានទំហំ៤ម៉ែត្រគុណ ៥ម៉ែត្រ ប្រក់សង្កសីជញ្ជាំងស្លឹក ម្ចាស់មានឈ្មោះ តូច ឆក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងប្រិយ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់នគរបាលបានបន្តថានៅមុនពេលកើតហេតុនោះគឺឪពុកម្តាយមិននៅផ្ទះកូនមានឈ្មោះបូយ រតនះ ភេទប្រុសអាយុ៩ឆ្នាំ (ជាមនុស្សគជាកូនបង្កើតរបស់គាត់)បានដាំបាយហូបរួចមិនបានពន្លត់ភ្លើងចង្រ្កាន ទើបបណ្តាលឲ្យរាលឆេះជញ្ជាំងស្លឹកឆេះអស់ទាំងស្រុង ។
សំភារះខូចខាតមានស្រូវចំនួន២០ថាំង សំលៀកបំពាក់ និងចានឆ្នាំង មួយចំនួនទៀត លុយកាក់ និងគ្រឿង សម្ភារផងដែរ។
នគរបាលបានបន្តថា កុំតែបានប្រជាពលរដ្ឋជួយពន្លត់ និងរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់កុំអីឆ្លងដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះជាក់ជាមិនខានឡើយ។
នេះជាមេរៀនមួយដើម្បីក្រើនរំលឹកដល់ឪពុកម្តាយមួយចំនួន ដែលទុកកូនចោល ហើយតូចសោះចេះដាំបាយនោះមិនមែនជាការល្អទេ អាចដូចជាករណីខាងលើបណ្តាលឲ្យឆេះផ្ទះអស់ខានរស់នៅចឹង ៕ សេនា សក្តិ