ហេតុការណ៍ប្រទះឃើញសាកសពនេះកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចត្រពាំងល្បើក ស្ថិតនៅក្នុងភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្ចាយរៀង ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលគេប្រទះឃើញស្លាប់ក្នុងទឹកត្រពាំងមានឈ្មោះអុិន ផាន អាយុ48ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ។
បើតាមប្រពន្ធបានរៀបរាប់ប្រាប់សមត្ថកិច្ចថាកាលពីល្ងាចថ្ងៃទី៧ ខែមីនា ប្ដីរបស់ខ្លួនបានចេញពីផ្ទះដោយមានអាំភ្លីសម្រាប់ឆក់ត្រីមួយគ្រឿង និងអាគុយទៅស្រះទឹកត្រពាំងនៅភូមិតាសួស ខណៈគាត់មិនបានចាប់អារម្មរណ៍រហូតដល់ព្រឹកឡើង ស្រាប់តែមិនឃើញលឹសូរសម្លេងមាត់ប្ដីខុសសព្វដង ក៏មានការសង្ស័យទើបហៅកូនៗ និងអ្នកភូមិជួយដើររកគ្នាប្រមាណកន្លះម៉ោងស្រាប់តែប្រទះឃើញប្តីដេកស្លាប់ក្នុងទឹកត្រពាំងទើបបង្កការភ្ញាក់ផ្អើល ឆោឡោឡើង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បើតាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យបានបញ្ជាក់ថា ការស្លាប់របស់ឈ្មោះអុិន ផានពិតជាស្លាប់ដោយការឆក់ត្រីហើយបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ពិតមែន ខណៈនៅក្បែរខ្លួនមានអាំភ្លីសម្រាប់ឆក់ត្រីមួយគ្រឿង និងអាគុយផងដែរដោយមិនមានស្នាកស្នាមជាអំពើរឃាដកម្មអ្វីនោះទេ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន