ព័ត៌មានទាន់ហេតុការណ៍៖

ហិង្សានៅក្រចេះ ៖ សមត្ថកិច្ចរបួស៧នាក់, ពលរដ្ឋរបួស២នាក់អាជ្ញាធរកំពុងស្រាវជ្រាវករណីដែលថាមានប្រជាពលរដ្ឋស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តី ប្រកាសព័ត៌មានផ្លូវការអះអាងថា ការប៉ះ ទង្គិចរវាងសមត្ថកិច្ចនឹងប្រជាពលរដ្ឋតវ៉ារឿងវិវាទដីធ្លីនៅក្នុងស្រុកស្នួលមិនមានអ្នកស្លាប់នោះឡើយមានតែប្រជាពលរដ្ឋ២នាក់ និងសមត្ថកិច្ច៧នាក់របួសប៉ុណ្ណោះ ។

តាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់រដ្ឋបាលខេត្តក្រចេះគឺអាជ្ញាធរខេត្ត បានបដិសេធទាំងស្រុងចំពោះបណ្តាព័ត៌មាននានាដែលបានផ្សព្វផ្សាយថា ការប៉ះ ទង្គិចគ្នានេះបណ្តាលឲ្យពលរដ្ឋស្លាប់រហូតដល់៦នាក់ និង៤០នាក់រងរបួសនោះ។

គួរបញ្ជាក់ថា បាតុកម្មកាលពីរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ មានពលរដ្ឋជាង២០០នាក់ប្រដាប់ដោយកាំបិត ពូថៅផ្ទុះការ តវ៉ាបិទផ្លូវជាតិលេខ៧៦A។ តាមសេចក្តី រាយការណ៍បានឲ្យដឹងថា វេលាម៉ោង១១ព្រឹកនៅចំណុចច្រកចូលរបស់ក្រុមហ៊ុន មេមត់ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះមានប្រជាពលរដ្ឋដែលមាន ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ជាង២០០នាក់ប្រដាប់ដោយដំបង កាំបិត និងពូថៅគ្រប់ដៃបានចុះមកបិទផ្លូវជាតិលេខ៧៦A។

ការតវ៉ានេះដោយសារពលរដ្ឋខឹងនឹង កម្លាំងចម្រុះរើផ្ទះរបស់ពួកគាត់នៅតាម ក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ដែលមានទំនាស់ មិនទាន់បានដោះស្រាយរួចរាល់។ សកម្មភាពតវ៉ាបិទផ្លូវពីសំណាក់ពលរដ្ឋនេះបើ តាមសេចក្តីរាយការណ៍ឲ្យដឹងគឺឈាន ដល់មានអំពើហិង្សាបាញ់ប្រហារបណ្តាល ឲ្យពលរដ្ឋ៣នាក់រងរបួស ។

រហូតមកទល់នឹងពេលនេះមិនទាន់មានលទ្ធផលជាក់លាក់ពីអង្គការសង្គមស៊ីវិលនៅឡើយទេពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅ ស្រុកស្នួល ខេត្តក្រចេះ ហើយលទ្ធផលនេះ នឹងត្រូវបើកអង្កេតឆាប់ៗដើម្បីឲ្យមហាជនដឹងកាន់តែច្បាស់ ខណៈពលរដ្ឋអះអាងថា មានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ប៉ុន្តែអាជ្ញាធរបានបដិសេធថា មិនមានអ្នក ស្លាប់ ។

អ្នកនាំពាក្យអង្គការអាដហុកលោក សឺន សែនករុណា បាននិយាយថា រហូត មកទល់នឹងព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៨ មិនទាន់មានលទ្ធ ផលជុំវិញទំនាស់ដីធ្លីនៅស្រុកស្នួលនៅឡើយទេថា មានអ្នកស្លាប់ឬអត់ខណៈពល រដ្ឋថាផ្សេង អាជ្ញាធរថាផ្សឹង ។

លោក សឺន សែនករុណា បានថ្លែងថា «យើងនឹងពិនិត្យមើលជុំវិញការចាប់ខ្លួន ពលរដ្ឋថា ទៅដល់ដៃតុលាការឬយ៉ាង ម៉េច។ ចំពោះការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងពលរដ្ឋដែលមានរបាយការណ៍២ផ្សេងគ្នាដោយពលរដ្ឋអះអាងថា មានអ្នកស្លាប់ និងសមត្ថកិច្ចអាជ្ញាធរថា គ្មានអ្នកស្លាប់ខ្ញុំ មិនទាន់សន្និដ្ឋានថា នរណាពិតឬមិនពិត ទេ ហើយយើងនឹងពិនិត្យមើលថាតើព័ត៌ មានមួយណាជាក់លាក់ ពីព្រោះពេលកើតហេតុមិនមានវត្តមានអង្គការអាដហុកនៅទីនោះទេ» ។

ក្រោយការប៉ះទង្គិចជាង២ម៉ោងកាលពីរសៀលថ្ងៃទី៨ ខែមីនា អាជ្ញាធរបានចេញ របាយការណ៍ថា គ្មានអ្នកស្លាប់ទេក្នុងហេតុការណ៍នោះពោលគឺត្រឹមរបួស២នាក់ ប៉ុណ្ណោះ។ ចំណែកសមត្ថកិច្ចវិញរបួស រហូតដល់ទៅ៧នាក់ ។

អភិបាលស្រុកស្នួលលោក គង់ គឹមនី បានហៅការចាប់ខ្លួនពលរដ្ឋថា ជាក្រុមប្រើអំពើហិង្សាលើសមត្ថកិច្ច។ លោកបញ្ជាក់ ថា យើងមិនឃាត់ពលរដ្ឋទេតែយើងឃាត់ក្រុមប្រើអំពើហិង្សាលើសមត្ថកិច្ច៨នាក់ ពេលនេះកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្នួល ហើយយើងមិនទាន់ដឹង ថានឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេ ព្រោះនេះជានីតិវិធីរបស់សមត្ថកិច្ច។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះចេញថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងនាមជាអាជ្ញាធរខេត្តសូមធ្វើការបដិសេធទាំងស្រុងចំពោះសារព័ត៌មានភ្នំពេញប៉ុស្តិ៍, កោះសន្តិភាព, បណ្តាញ សារព័ត៌មាននានា និងបណ្តាញទំនាក់ ទំនងសង្គមដែលបានចុះផ្សាយថា មាន ការប៉ះទង្គិះគ្នារវាងក្រុមការងារចម្រុះថ្នាក់ខេត្តជាមួយប្រជាពលរដ្ឋក្នុងជម្លោះដីធ្លី នៅក្រុមហ៊ុនចំការកៅស៊ូមេមត់បណ្តាល ឱ្យស្លាប់ប្រជាពលរដ្ឋចំនួន៦នាក់ និងរបួស ចំនួន៤០នាក់គឺជាព័ត៌មានមិនពិត ។

សេចក្តីប្រកាសព័ត៌មានបន្តថា អាជ្ញាធរ ខេត្តសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រុងការងារចម្រុះបានចុះអនុវត្តការការពារសន្តិសុខ សុវត្ថិភាព និងកាយប្រឡាយព្រំដីក្រវាត់ផលប៉ះពាល់ទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានរំលោភយកដីធ្លី របស់ក្រុមហ៊ុនពីសំណាក់ជនមួយក្រុមតូច។ ចំពោះការប៉ះទង្គិះគ្នានោះដោយសារជន មួយក្រុមនោះបានប្រមូលកៀរគរគ្នាបិទផ្លូវជាតិលេខ៧៦A ក្រុមការងារបានសម្រប សម្រួលសុំឱ្យបើកផ្លូវ ប៉ុន្តែពួកគាត់មិនព្រម ថែមទាំងប្រើកាបិត ពូថៅ ដំបង ដុំថ្ម ចម្ពាម កៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់ និងគប់មកលើក្រុមការងារបណ្តាលឱ្យ មានរបួសក្រុមការងារចម្រុះចំនួន៧នាក់ ពេលនោះក្រុមការងារចម្រុះក៏បានបង្ខំចិត្តផ្ទុះអាវុធឡើងលើដើម្បីការពារខ្លួនក៏ដូច ជាការពារសុវត្ថិភាពជូនក្រុមការងារទាំងមូល ។

សេចក្តីប្រកាសព័ត៌មានដដែលបានអះ អាងថា ក្នុងហេតុការណ៍នេះពុំមានមនុស្សស្លាប់ទេមានតែរបួស៩នាក់ក្នុងនោះ៧រូបជាសមត្ថកិច្ច និងក្រុមការងារ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុពលរដ្ឋចំណាកស្រុកទាំងនោះទៅ បិទផ្លូវបាតុកម្មដោយពួកគេខឹងនឹងអាជ្ញាធរស្រុក ខេត្តដឹកនាំកម្លាំងចុះទៅរើរោងរបស់ពួកគាត់ដែលសង់ក្នុងដីក្រុមហ៊ុនចម្ការកៅស៊ូ មេមត់ដោយអាជ្ញាធរហៅពួកគាត់អប់រំណែនាំជាច្រើនលើកច្រើនសាតែពួកគាត់ មិនស្ដាប់ទើបអាជ្ញាធរសម្រេចចុះរុះរើ។ ពល រដ្ឋចំណាកស្រុកទាំងនោះបានវាយបំផ្លាញរថយន្ដរបស់ក្រុមហ៊ុន និងគប់ដុំថ្មលើកង កម្លាំងទៀតផង ។

លោកអភិបាលស្រុកស្នួលលោក គង់ គឹមនី បានដឹងថា ប្រជាពលរដ្ឋទាំងនោះ លោកបានហៅពួកគាត់មកអប់រំចំនួន៦លើករួចមកហើយតែពួកគាត់មិនស្ដាប់ ដោយអាជ្ញាធរបានសម្របសម្រួលពួកគាត់កុំឲ្យរានយកដីរបស់រដ្ឋ និងដីក្រុមហ៊ុនបើពួក គាត់អត់មានដីឲ្យពួកគាត់ស្នើសុំដីសម្បទានសង្គមកិច្ច ហើយអាជ្ញាធរដោះស្រាយជូន ពួកគាត់តែពួកគាត់មិនព្រមទើបអាជ្ញាធរចុះរុះរើ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបំបែកក្រុមបាតុករនោះ ដោយឃាត់ខ្លួនមនុស្ស៧នាក់មកសួរនាំ និងរឹបអូសម៉ូតូបានប្រមាណ២០គ្រឿង ហើយក្នុងហេតុការណ៍នោះមានប្រជាពលរដ្ឋ២នាក់របួស ចំណែកខាងសមត្ថកិច្ច របួស៧នាក់ ៕ ហេង សូរិយា


ចែករំលែក៖