ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេមកប្រាប់កុំឲ្យចាក់បាស់លឺពេក ទាញ់ទីបវាយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខ​ក្រុមហ៊ុន MPA ម្នាក់ បន្ទាប់ពីប្រើហិង្សាវាយទៅលើសន្តិសុខក្នុងផែស្ងួតដូចគ្នា ព្រោះតែរឿងចាក់ធុងបាស់ ។

ហេតុការណ៍នេះបានកើតឡើលកាលពី​វេលា​ម៉ោង​​រំលង​អធ្រាត្រ ​ឈាន​ចូលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​ ​ក្នុង​ផែស្ងួត​តេង​ឡាយ ផ្លូវអូឌឹមកប់ស្រូវ ស្ថិត​នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ញ៉ឹ​ក ភា​រី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​សន្តិសុខ យាម​ផែស្ងួត​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​បង្ក​ឈ្មោះ​នឹម ថេ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ យាម​នៅ​ផែស្ងួត​​ជាមួយ​គ្នា ស្នាក់​នៅផ្ទះ​ជួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុឈ្មោះ​នឹម ថេ​ន បាន​ចាក់ធុង​បាស់​នៅ​កន្លែង​យាម​ក្នុង​ផែស្ងួត​ឮ​សម្លេង​ខ្លាំង​រំខាន​ពេក​ បន្ទាប់​មក​គាត់​បាន​ទៅ​ឃាត់​ថា កុំ​ចាក់​ឮ​ពេក​បើក​ស្តាប់​តែ​គ្នា​ឯង​នឹង​ទៅ​បាន​ហើយ ។ ស្រាប់តែជន​បង្ក​ខាងលើ​ បាន​ជេ​រជន​រង​គ្រោះដោយប្រើពាក្យសម្តីមិនសមរម្យ ហើយ​នៅ​ពេល​នោះ​ដែរ​ ជន​រង​គ្រោះ​បាន​ជេ​រតបទៅ​វិញ​ភ្លាមនោះ ស្រាប់តែ​ជន​បង្ក​បាន​ស្ទុះ​ទៅ​យក​បំពង់​ទីប​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៧​បំពង់​ទីប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល និង​បាក់ដៃ​ខាងឆ្វេង​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នាំ​ជន​បង្ក​ខាងលើ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង ​ហើយ​ជន​រង​គ្រោះ​ទាមទារ​សំណង​​ចំនួន​៣​ពាន់​ដុល្លារ ​តែ​ជន​បង្ក​អត់​មាន​លុយ​សង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖