ខេត្តកំពង់ធំ៖ ប្រជាពលរដ្នស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានចោទ សកម្មភាពបង្ក្រាប របស់សមត្ថកិច្ចបរិស្ថានអនុរក្ស ព្រៃឡង់ថា បានរុញឲ្យខ្លោច រោចឲ្យឆៅ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈសកម្មភាព បង្ក្រាប បទល្មើសព្រៃឈើ មួយចំនួន ដែលមិនមានតម្លាភាព និងស្មើភាពគ្នាចំពោះផ្លូវច្បាប់។
ប្រភពពីមន្រ្ដីម្នាក់ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ គួរតែយោគយល់ខ្លះ ជាក់ស្ដែង ចំពោះឈើ កំប៉ិកកំប៉ុក ដែលប្រជាពលរដ្ឋ ដឹកឆ្លងកាត់ក្នុងស្រុក យកទៅធ្វើផ្ទះ ហើយមានលិខិត ចំណារអនុញ្ញាតពីអាជ្ញាធរភូមិ ឃុំ ស្រុក ឲ្យជួយ សម្រួលផងនោះ ប៉ុន្តែមន្ត្រីបរិស្ថាន អនុរក្សព្រៃឡង់ ដែលមានដែន សមត្ថកិច្ច នៅក្នុងស្រុកសណ្ដាន់គឺបង្ក្រាប នៅខណៈដែលឈ្មួញ រកស៊ីឈើពិតប្រាកដ នៅតែ មានដំណើរការនោះ ធ្វើឲ្យប្រជាជនឆោតល្ងង់ខ្លះ បាត់បង់ជំនឿ ទៅលើប្រជាប្រិយភាព របស់អាជ្ញាធរ និង គោល នយោបាយរបស់ រាជរដ្ឋាភិបាល។ ដូចជាករណីការបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើ ចំនួន៣ក្រឡេថង កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ដែលឈើនោះ ដឹក ឆ្លង កាត់ក្នុងស្រុក គឺដឹកចេញពីឃុំសុចិត្រ ស្រុកសណ្ដាន់ មកឃុំមានជ័យ ស្រុកសណ្ដាន់ ដោយមានលិខិត ចំណារឲ្យជួយសម្រួល ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុកផងដែរ។
ម្ចាស់ឈើឈ្មោះ អ៊ី ខុន បានមានប្រតិកម្មថា មុននឹងដឹក គឺគាត់បានយកលិខិត ទៅ ជម្រាបសមត្ថកិច្ចបរិស្ថាន នៅប្រចាំច្រកចេញ គឺច្រកអូរផ្អាវ និងនៅតាមផ្លូវអស់ហើយ គឺគេឲ្យដឹកចេញ ស្រាប់តែដឹកមកដល់ ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ក៏មានការចាប់ ឈើគាត់តែម្ដង។ លោក ប៉ែន សុធារ៉ាត់ អនុប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានមានប្រតិកម្មពីករណីចាប់ឈើ ក្រឡេថងនេះថា ហេតុអី ! កូនចៅគាត់ ហ៊ាន ឲ្យចេញឈើ មិនសុំយោបល់ពីគាត់ ប៉ុន្តែបន្តិចក្រោយមក លោកប៉ែន សុធារ៉ាត់ ទូរស័ព្ទប្រាប់ថា គឺសមត្ថកិច្ចនៅច្រកផ្អាវបានប្រាប់ គាត់ថា ម្ចាស់ឈើ យកលិខិត ទៅប្រាប់គាត់ ប៉ុន្តែគាត់មិនបាន អនុញ្ញាតឲ្យ ចេញនោះទេ។
លោក តុប ក្កដា ប្រធានមន្ទីរ បរិស្ថាន ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ឈើ
ទាំងនោះបានប្រគល់ឲ្យ ពលរដ្នវិញហើយ ដោយមានការ អះអាងពី អាជ្ញាធរ ភូមិ ឃុំ មកបញ្ចាក់ តែការចាប់នេះគឺ ដោយសារកន្លងមក ច្រើនតែកន្ទេលធំ បន្លំដេក ធ្វើឲ្យឈ្មួញឈើខ្លះចេញមិនរួច មានល្បិចបន្លំជាច្រើនលើក៕ ប៊ុន រិទ្ធី