ព័ត៌មានទាន់ហេតុការណ៍៖

កម្មករម្នាក់ត្រូវមន្ត្រីយោធាការពារព្រំដែនបាញ់២គ្រាប់បណ្ដាលឲ្យរបួសធ្ងន់ធ្ងរនៅកន្លែងផឹកស៊ី

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្មករម្នាក់បានរងរបួសធ្ងន់ ខណៈដែលមន្ត្រីយោធាការពារព្រំដែន នៅអង្គភាពសឹករងក្រុងប៉ៃលិន បានហៅកម្មករម្នាក់នៅជិតបន្ទាយមកផឹកស៊ី នៅពេលស្រវឹង ស្រាប់តែមន្ត្រីយោធាការពារនោះ បានរត់ទៅយកកាំភ្លើងពីរដើម រួចបាញ់ទៅលើបុរសរូបនោះ មិនចេញគ្រាប់ ក៏បោះកាំភ្លើង AK47ពីរដើម រួចរត់ទៅយកកាំភ្លើង AK47ស្វាយបត់មួយដើមទៀត ក៏បាញ់ទៅលើបុរសនោះ ចំនួន២គ្រាប់ ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់យោធាថៃដែលការពារព្រំដែននៅពីមុខបន្ទាយយោធាកម្ពុជា ក៏បានបាញ់មួយគ្រាប់មកវិញនេះ ដោយសារយោធាថៃ លឺស្នូរសំឡេងផ្ទុះអាវុធ២គ្រាប់របស់កម្ពុជា ។

ករណីនេះ ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូរតាផៃ នៅក្បែរប៉ុស្តិ៍៦៨ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

បើតាមលោក វ៉ន វាសនាជាមន្ត្រីនគរបាលខេត្តប៉ៃលិនប្រាប់ឲ្យដឹងថា ជនបង្កដែលបាញទៅលើជនរងគ្រោះនោះ ឈ្មោះ ភិន ចាន់ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្រ្ដីយោធាការពារព្រំដែនអង្គភាពសឹករងក្រុង ប៉ៃលិន ជាអ្នកដើរផឹកស៊ីស្រវឹងបាញ់បោះបានយកកាំភ្លើងម៉ាក AK47 បាញ់ចំនួន២គ្រាប់ សំដៅទៅជនរងគ្រោះឈ្មោះ នឿង នាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិជ្រឹងខាងលិច ឃុំកូនក្រៀល ស្រុកសំរោង ខេត្ដឧត្ដរមានជ័យ បច្ចុប្បន្នរស់នៅទីតាំងកើតហេតុខាងលើ បណ្ដាលឲ្យត្រូវចំសាច់ដុំដៃខាងឆ្វេងក្រោមក្លៀក ។

ក្រោយកើតហេតុបន្តិច ជនរងគ្រោះត្រូវបានក្រុមអង្គការ HALO ជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកជនបង្កត្រូវបានមេមន្រ្ដីយោធានៃអង្គភាពសឹករងខេត្តប៉ៃលិនចាប់ខ្លួនភ្លាមៗ ដើម្បីចាត់ការតាមនីតិវិធី។

ទាក់ទិននឹងករណីមន្ត្រីយោធាការពារព្រំដែនដែលបានបាញ់ទៅលើបុរសជាកម្មករខាងលើ មិនទាន់មានសេចក្តីរាយការណ៍ណាឲ្យបានលម្អិតនៅឡើយ ។ ជុំវិញករណីមន្ត្រីយោធាបាញ់បុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅកន្លែងមុខបន្ទាយជាប់មាត់អូរតាផៃនោះ ខណៈនេះ សមត្ថកិច្ចកំពុងស្រាវជ្រាបន្តទៀតទៅលើជនសង្ស័យដែលកម្លាំងយោធាសឹករងខេត្តប៉ៃលិនបានឃាត់ខ្លួននោះ ៕ ស សារ៉េត

 


ចែករំលែក៖