ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មាននារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រីជាង៥០នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅតាមគ្លីនិកឯកជននានា ដោយសារតែរថយន្តដឹកថ្មបើកលឿនពេករបូតកង់ ធ្វើឲ្យកង់រត់ហើយគាប់ជួនរថយន្តដឹកកម្មកររោងចក្របុកក្រឡាប់ផ្ងារជើងបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសរណូករណែល កាលពីវេលាម៉ោង៥ និង៤នាទីព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២ លេខ១៣ នៅក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោកចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា នារីដែលស្លាប់នោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ២៣ឆ្នាំ ហើយអ្នករងរបួសធ្ងន់ស្រាលនោះជាង៥០នាក់ទៀត។
លោកប្រធានមន្ទីរការងារបានបន្តទៀតថា នៅមុនពេលកើតហេតុនោះ គឺមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពី ឡានបែនដឹកថ្មម៉ាកហ្វ៊ុយហ្ស៊ូ ពណ៌ ប្រផេះ ស្លាកលេខ ចង្កូតស្តាំ កំពង់ស្ពឺ ០៤៤២ ដែលបើកបរខាងមុខរថយន្តដឹកកម្មករនោះ បានដាច់កង់ ហើយកង់រត់មកលើផ្លូវ ធ្វើឲ្យអ្នកបើកឡានដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK7131 គេចមិនផុត បុកកង់ឡាននោះរួចកិនធ្វើឲ្យរថយន្តដឹកកម្មករនោះក្រឡាប់តែម្តង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
លោកបន្តថា នៅក្នុងរថយន្តមានក្រុមកម្មករនៅលើរថយន្តសរុប៥៦នាក់ មានអ្នករងគ្រោះសរុប៤៨នាក់ ប្រុស៤នាក់ របួសធ្ងន់៦នាក់ ស្រាល៤១នាក់ ស្លាប់១នាក់។ ពេលនេះបានបញ្ជូនទៅព្យាបាលនៅ ៖១-នៅគ្លីនិកសម្ភពសម្រាកព្យាបាល ថ្នល់ទទឹង៨នាក់ របួសស្រាល។ ២-នៅគ្លីនិកសម្ភពសម្រាកព្យាបាល ទេព មង្គល ចំនួន៧នាក់ របួសធ្ងន់២នាក់ ប្រុស១នាក់ និងត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញទាំង០២នាក់។ ៣-នៅគ្លីនិក សម្ភពព្យាបាល សុខា បែកចាន ចំនួន ៣២នាក់។ ៤-ស្លាប់១នាក់ ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបម្រើការងារនៅក្រុមហ៊ុន កាត់ដេរ និងផលិតស្បែកជើងខន់ធីញ៉ូអឹស ឡាក់គី។
លោកចឹក បូរិន ប្រធានមន្ទីរការងារបាននិយាយបន្ថែមថា រាល់ថ្លៃចំណាយការព្យាបាល និងថ្លៃដឹកសពកម្មការិនីម្នាក់ខាងលើនេះ គឺជាការចំណាយរបស់របបបេឡាជាតិសន្តិសុខសង្គម ៕ សេនា សក្តិ