ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានករណីក្មេងសិស្សសាលារកកល់សន្លប់ចំនួន២នាក់ នៅចំណុចសាលារៀនភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានបញ្ជូន ទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ភ្លាមៗក្រោយកើតហេតុ ។
បើតាមការបំភ្លឺរបស់ក្មេងស្រីទាំងពីរនាក់បានឲ្យដឹងថា ពួកគេទាំងពីរនាក់ ទី១ឈ្មោះ ភិន ស្រីប៉ៃ អាយុ ១៤ឆ្នាំ (រៀនថ្នាក់ទី៦)រស់នៅភូមិ ឃុំ កើតហេតុខាងលើបានប្រាប់ថា ខ្លួនមានអការរាគលាមក ហើយពេលមករៀនខ្លួនមិនបានញ៉ាំអ្វីសោះ ក៏កើតអការអស់កម្លាំង វិលមុខ ខណៈកំពុងរៀន ក៏បានរកកល់នឹងសន្លប់តែម្តង។ ចំណែកក្មេងស្រីទី២ ឈ្មោះ ប៉េង ស្រីអ៊ី អាយុ ១៣ឆ្នាំ(រៀនថ្នាក់ទី៦ជាមួយគ្នា) រស់នៅភូមិ ឃុំ កើតហេតុខាងលើបានបញ្ជាក់ថា ខ្លួនបានហាត់កីឡាអស់កម្លាំងខ្លាំងពេកកាលពីថ្ងៃម្សិលមិញ(ទី១១ ខែមីនា) លុះមកដល់ថ្ងៃកើតហេតុ ខ្លួនបានញ៉ាំបាយ តែបីម៉ាត់ប៉ុណ្ណោះ រួចហើយក៏ចូលរៀន ពេលឃើញឈ្មោះ ភិន ស្រីប៉ៃ រកកល់សន្លប់ ខ្លួនក៏កើតអការ វិលមុខ រកក្អួតរកកល់នឹងសន្លប់បន្ដដែរ ។
បើតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យបានឲ្យដឹងថា ក្មេងស្រីទាំងពីរខាងលើគឺបណ្ដាលមកពីហូបអាហារមិនគ្រប់គ្រាន់ និងដេកក៏មិនគ្រប់គ្រាន់ ៕ ស សារ៉េត