ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើងជាង២០០នាក់ប្រមូលផ្តុំគ្នាតវ៉ាខណៈអាជ្ញាធរខណ្ឌនឹងជំនាញចុះវាស់វែងធ្វើផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ មកពី៧សហគមន៍ ដែលរស់នៅក្នុងតំបន់បណ្តោយផ្លូវរថភ្លើងទួលសង្កែខណ្ឌឫស្សីកែវបានប្រមូលផ្តុំគ្នាតាំងពីទំនប់៧០ដល់ផ្លូវជាតិលេខ៥ដើម្បីតវ៉ាប្រឆាំងទៅអាជ្ញាធរខណ្ឌ ឫស្សីកែវនឹងជំនាញចុះវាស់វែងផ្លូវរថភ្លើងចាស់ដើម្បីធ្វើផ្លូវបេតុងឆ្អឹងដែក ដែលតាមគម្រោងរបស់សាលារាជធានីកាត់ពីអក្ស័ផ្លូវរហូតម្ខាងៗ៣០ម៉ែត្រដោយពួកគាត់ឲ្យកាត់ម្ខាងៗ១០ម៉ែត្រវិញ បើមិនដូច្នេះទេ ពួកគាត់មិនព្រមឲ្យវាស់វែងឡើយ ។

ជាមួយគ្នានោះ មន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីការិយាល័យដែនដីខណ្ឌ បានដកថយវិញដោយវាស់វែងមិនបានសម្រេចឡើយហើយសន្យាថា នឹងបន្តដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋបន្តទៀត ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០១៨ប្រជាពលរដ្ឋទាំង៣សង្កាត់ គឺសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ បានតវ៉ាម្តងរួចហើយប្រឆាំងទៅនឹងអាជ្ញាធរខណ្ឌ និងក្រុង ដែលគ្រោងកាត់ចំណីផ្លូវម្ខាងៗ៣០ម៉ែត្រ ។

នៅក្នុងការតវ៉ានោះបងប្អូនប្រជាពរដ្ឋទាំងអស់ មិនអាចទទួលយកគោលការណ៍របស់អភិបាលក្រុងថ្មី ដែលកាលពីពេលថ្មីៗនេះ ចុះពិនិត្យផ្លូវរថភ្លើងដើម្បីស្ថាបនាផ្លូវបេតុង ហើយមានប្រសាសន៍ថា កាត់ចំណីផ្លូវរហូតដល់៣០ម៉ែត្រម្ខាងហើយស្ថាបនាផ្លូវបេតុងតែ១៥ម៉ែត្រ ម្ខាងដ ដែល ដោយឡែក១៥ម៉ែត្របន្ទាប់ទៀត ដែលជាដីចំណីថ្នល់នៅពីមុខលំនៅដ្ឋាន និងដីឡូតិ៍របស់ពួកគាត់ទាំងអស់ត្រូវបានដកហូតដោយសាលាក្រុងហើយយកដីនោះទៅចែកជូនប្រជាពលរដ្ឋ ដែលរស់នៅលើផ្លូវរថភ្លើងចាស់ ដែលមិនស្របច្បាប់ ឲ្យមកនៅពីមុខលំនៅដ្ឋាន និងដីរបស់ពួកគាត់រស់គោរពច្បាប់មានឯកសារគតិយុត្តត្រឹមត្រូវទៅវិញ ។

ពួកគាត់ទាំងអស់គ្នា ដែលរស់នៅស្របច្បាប់រីករាយស្វាគមន៍ និងការអភិវឌ្ឍរបស់សាលាក្រុងភ្នំពេញ ដើម្បីប្រយោជន៍សាធារណៈក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកអភិបាលរាជធានីភ្នំពេញ ។ ជាពិសេសតាមការចង្អុលបង្ហាញពីសម្តេចតេជោ ជាប្រមុខដឹកនាំ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

នាឱកាសនោះពួកគាត់ក៏បានសំណូមពរផងដែរទៅលោកអភិបាលរាជធានីភ្នំពេញមេត្តាកុំយកដីចំណីផ្លូវមុខផ្ទះស្របច្បាប់របស់ពួកគាត់ទៅចែកជូនអ្នក ដែលមានសំណង់អានាធិបតរយ្យមិនមានប័ណ្ណកម្មសិទ្ធិឲ្យសោះ ហើយមានការដោះស្រាយយ៉ាងណា ជូនពួកគាត់ជាប្រយោជន៍ឲ្យបងប្អូនប្រជាពលរដ្ឋមានការស្ងប់ចិត្តទាំងអស់គ្នា ។

តំណាងសហគមន៍ផ្លូវរថភ្លើង បាននិយាយថា តាមប្រសាសន៍របស់អតីតអភិបាលរាជធានីភ្នំពេញចាស់លោកប៉ាសុជាតិវង្ស នៅក្នុងពិធីបើកការដ្ឋាន កាលពីចុងឆ្នាំ២០១៦បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍តំបន់ផ្លូវរថភ្លើងនេះគឺយើងអភិវឌ្ឍន៍នៅនឹងកន្លែងតែម្តង ដោយមិនបណ្តេញបងប្អូនទៅកន្លែងផ្សេងឡើយ ពោលគឺ ឈ្នះ ឈ្នះទាំងអស់គ្នា បងប្អូនប្រជាពល រដ្ឋបានផ្ទះបានផ្លូវ ។

គួររំលឹកផងដែរថាកាលពីចុងឆ្នាំ២០១៦ ប្រជាពលរដ្ឋធ្លាប់ប្រមូលផ្តុំគ្នាតវ៉ាម្តងរួចហើយ ហើយអាជ្ញាធរខណ្ឌឫស្សីកែវក៏បានជួបជាមួយប្រជាពលរដ្ឋ ដែលមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោក ស៊ូសោគន្ធអភិបាលរងខណ្ឌឫស្សីកែវផងដែរ ដើម្បីពន្យល់ពួកគាត់ ។

លោក ប្រាជ្ញ សីហា នាឱកាសនោះបានមាន ប្រសាសន៍ថា សូមបងប្អូនមានអារម្មណ៍ឲ្យនឹងនរកុំមានការព្រួយបារម្ភឲ្យសោះ អាជ្ញាធរមិនមានគោលការណ៍បណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៀតទេ ពោលគឺយើងអភិវឌ្ឍន៍នៅនឹងកន្លែងតែម្តង ប៉ុន្តែបងប្អូនណា ដែលប៉ះពាល់ផ្ទះអស់ទាំងស្រុង គឺត្រូវដោះដូរដី តែមិនមែនដូរទៅឆ្ងាយទេគឺដូរនៅតំបន់ក្បែៗនោះឯង គ្រាន់តែមិនទាន់បង្ហាញទីតាំង ដោយលោកសុំឲ្យបងប្អូនស្មោះត្រង់ទាំងអស់គ្នា មិនសាងសង់សំណង់ថ្មីមិនបន្ថែមចំនួនមិនបំប៉ោងតួលេខ កុំជឿតាមការញុះញុងពីអ្នកផ្សេង មានការឆ្ងល់មកសួរគាត់ឬសួរគណៈកម្មការ បើមិនដូច្នេះទេគឺដោះស្រាយមិនចេញឡើយ ។

លោកបន្តថា មកដល់ម៉ោងនេះមិនមានមន្ត្រីណាមួយធ្វើបាបប្រជាពលរដ្ឋទៀតទេ ដោយលោក សូមឲ្យប្រជាពលរដ្ឋយោគយល់គ្នាជឿជាក់លើគ្នា យល់ចិត្តគ្នា អាជ្ញាធរនឹងដោះស្រាយតាមដំណាក់កាលម្តងមួយ ៗហើយយើងត្រូវដោះស្រាយអ្នក ដែលមានផលប៉ះពាល់អស់ផ្ទះទាំងស្រុងមុនគេ ។

លោកប្រាជ្ញ សីហា ក៏បានសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវនេះ មេត្តាចូលរួមសហការ និងផ្តល់លក្ខណៈ ដើម្បីឲ្យដំណើរការសាងសង់កំណាត់ផ្លូវមួយនេះ សម្រេចតាមផែនការ ដែលបានគ្រោងទុក និងសំណូមពរកុំឲ្យដឹងលើសទំងន់ ដែលបានកំណត់ ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញដើម្បីដោះស្រាយការកកស្ទះចរាចរតាមបណ្តោយផ្លូវជាតិលេខ៥ ដោយអនុវត្តតាមអនុសាសន៍របស់ប្រមុខរដ្ឋភិបាល បានកសាងផ្លូវមួយខែ្សប្រែក្លាយពីរថភ្លើងចាស់ទ្រុឌទ្រោមមិនមានដំណើរការទៅជាផ្លូវបេតុងឆ្អឹងដែកចាប់ពីផ្លូវ៧០ទៅផ្លូវជាតិលេខ៥ មានប្រវែង៤៥១០ម៉ែត្រ ទទឹងពីអក្ស័ផ្លូវម្ខាងៗប្រវែង១៥ម៉ែត្រ ឆ្លងកាត់ចំនួន៣ សង្កាត់ ហើយផ្លូវនេះដើម្បីសម្រួល បញ្ហាកកស្ទះ បញ្ហាអគ្គីភ័យ និងបញ្ហាផ្សេងៗទៀតផងដែរ ហើយក្នុងការស្ថាបនានេះតាមគម្រោងរបស់សាលារាជធានីភ្នំពេញ គឺកសាងឲ្យរួចរាល់ក្នុងរយះពេល ៥ខែ ដែលលោកអភិបាលរាជធានីធ្វើពិធីបើកការដ្ឋានកាលពីទី១៩ ខែធ្នូ កន្លងទៅនេះ ។

ជាមួយគ្នានោះក៏មានផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅបណ្តោយផ្លូវរថភ្លើងទាំង៣សង្កាត់ គឺសង្កាត់ទួលសង្កែ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ចំនួន៨០៦ក្បាលដីស្មើនឹង៨០៦ខ្នងផ្ទះ ដែលរដ្ឋត្រូវដោះស្រាយ ។

នៅព្រឹកនោះអាជ្ញាធរខណ្ឌនឹងជំនាញបាននាំគ្នាដកថយវិញមិនឲ្យពួកគាត់វាស់វែងដោយក្លាចបាត់បង់ដីតែជំនាញបញ្ជាក់ថាការចុះមកនេះវាស់ឲ្យដឹងចំនួនហើយរាការណ៍ទៅថ្នាក់លើប៉ុណ្ណោះ៕ អរុណរះ


ចែករំលែក៖