ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងស្រាវជ្រាវជនដៃដល់វាយលោកបណ្ឌិតសាស្រ្តាចារ្យម្នាក់ស្ទើរស្លាប់ក្រៅប្រព័ន្ធច្បាប់ និងបំផ្លាញរថយន្តខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ អំពើហិង្សាដែលកើតចេញពីមនុស្សមួយចំនួន ដែលតាំងខ្លួនជាតុលាការក្នុងករណី គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះ បាននាំគ្នាជិះម៉ូតូដេញតាម ហើយឈានដល់វាយ បំផ្លាញ រថយន្ត និង បង្កហិង្សាវាយអ្នកបើកបររថយន្តរបួសធ្ងន់ស្ទើរស្លាប់ ដែលចោទជាសំណួរ តើអ្នកណាទទួលខុសត្រូវក្នុងរឿងនេះ ? កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅគគុក ព្រោះតែសកម្មភាពហិង្សានេះមើលទៅបែបឃោរឃៅ និងអាចក្លាយទៅជាទម្លាប់របស់មនុស្សមួយចំនួនយកមកប្រព្រឹត្តបន្តទៀត ដោយគ្មានការពិចារណា និងរកហេតុផលជាមុនសិន ។

អំពើហិង្សាដ៏ក្តៅគគុកនេះ ត្រូវបានគេដឹងថា កាលពីរសៀលថ្ងៃអាទិត្យ១០កើត ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋ មួយក្រុម បាននាំគ្នាជិះម៉ូតូដេញតាមប៉ុនប៉ងសម្លាប់អ្នកបើកបរម្នាក់ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP 9719 បើកបរដោយបុរសម្នាក់ដែលគេ ស្គាល់ថាឈ្មោះ ស៊ុយ សារ៉េត ភេទប្រុស ជាបណ្ឌិត សាស្រ្តចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានប្រជាពលរដ្ឋមួយក្រុមមិនដឹងហេតុការណ៍ បង្កើតជាព័ត៌មានបំផ្លើសអះអាង ចោទប្រកាន់លោកបណ្ឌិត សាស្ត្រាចារ្យ បានបើករថយន្តបុករះតាមផ្លូវពីម្តុំរោងចក្រ សាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បើករត់គេចដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅទីនេះបានប៉ះម៉ូតូគេមួយគ្រឿងរងរបួសស្រាល ហើយបន្ទាប់មកបុក ស្លាប់២-៣នាក់ទៀត ទើបបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូរហូតដល់ម្តុំមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទើបប្រជាពលរដ្ឋទាំងនោះឃាត់បានរួចក៏នាំគ្នាប្រើអំពើហិង្សា ដោយអ្នកខ្លះឡើងលើដំបូលរថយន្តធាក់យ៉ាងសាហាវឃោរឃៅដោយចរិតជាមនុស្សពាល ស្រែកបំផ្លើសតៗគ្នា ។

បើយោងតាមរូបភាពក្នុងហ្វេសប៊ុកដែលគេបង្ហោះព្រោងព្រាតឃើញថា ក្នុងសកម្មភាពនេះមានប្រជាពលរដ្ឋបានប្រើហិង្សាដូចប្រទេសគ្មានច្បាប់ដ៏អសីលធម៌ក្នុងរឿងនេះមិនតិចជាង៥០នាក់នាំគ្នាព្រួតវាយ ទាត់ធាក់ លោក បណ្ឌិត សាស្ត្រាចារ្យ យ៉ាងចាស់ដៃ រួមទាំងយកមួកការពារសុវត្ថិភាពវាយក្បាល មុខ មាត់លោក ហូរឈាមនិងសន្លប់នៅក្នុងរថយន្តគួរឲ្យរន្ធត់។ មិនតែប៉ុណ្ណោះក្រុមជនអគតិទាំងនេះបានបន្តសកម្មភាពយកដុំថ្ម គប់ និងវាយកញ្ចក់រថយន្តទំនើបថ្មីសន្លាងដែលលោកបណ្ឌិតសាស្រ្តាចារ្យកំពុងជិះបែកកញ្ចក់និងខូចខាតយ៉ាងដំណំ គ្រាដែលសមត្ថកិច្ចមូលដ្ឋានមិនទាន់ចុះទៅជួយធ្វើអន្តរាគមន៍ទាន់ ដែលទង្វើនេះ ហាក់ដូចជាមានគំនុំស៊ីសាច់ហុតឈាមគ្នាសម្បើមណាស់ មិនខុសពីពួកជ្រុលនិយមវាយនិងដុតបំផ្លាញរថយន្តសមត្ថកិច្ចកន្លងទៅឡើយ ។

ប្រភពពីកន្លែងកើតហេតុថា ក្រោយពីមានអំពើហិង្សា វាយបំផ្លាញ រថយន្ត និងវាយអ្នកបើករថយន្ត ឱ្យរបួសស្ទើរស្លាប់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកលោក បណ្ឌិត សាស្ត្រចារ្យទៅកាន់មន្ទីរពេទ្យកាល់ម៉ែត និងដោយរបួសធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានសម្រេចចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាមកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ហើយគាត់បានដឹងខ្លួននៅវេលាម៉ោង១១និង៣៨នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

ក្រោយពេលដឹងខ្លួនឡើង វិញលោកសាស្រ្តាចារ្យ និយាយទាំងសំឡេង ខ្សាវៗប្រាប់ថា លោកមិនបានជិះរថយន្តបុកអ្នកណាទេ ការពិតមានបុរសម្នាក់ស្រវឹងស្រា បានជិះម៉ូតូមកបុករថយន្តរបស់គាត់នៅក្បែរស្តុប ហើយពេលនោះដោយលោកយល់ថា គ្រោះថ្នាក់នេះតិចតួចមិនដល់ថ្នាក់រងរបួសឬខូចខាតម៉ូតូ គួបផ្សំពេលនោះភ្លើងស្តុបមានពណ៌ខៀវទៀតលោកក៏បន្តដំណើរទៅមុខកុំឲ្យស្ទះចរាចរណ៍ ហើយក៏មិនដឹងថា គេតាមធ្វើបាបលោកបែបនេះឡើយ ។ លោកថា ក្នុងហេតុការណ៍នេះ ក្រៅពីគេវាយធ្វើបាបទាំងអយុត្តិធម៌ លោកបានបាត់បង់សម្ភារៈក្នុងរថយន្តមួយចំនួន ក្នុងនោះមានកាបូបដាក់លុយ បាត់លុយអស់ជាង៣.០០០ដុល្លារទៀតផង ។

ពាក់ព័ន្ធការប្រើអំពើហិង្សាក្រៅប្រព័ន្ធច្បាប់នេះ មានមតិមហាជនមួយចំនួនសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនក្នុងអាក់ខោនហ្វេសប៊ុកផ្សេងៗគ្នា ។

គណនីហ្វេកប៊ុកឈ្មោះ ឡាយ សិរីយ៉ា បានលើកឡើងថា ឪពុកគេ ឪពុកយើង ហេតុអ្វីកាត់ទោសមនុស្សម្នាក់ដោយគ្មានដឹងហេតុផលច្បាស់ តើនេះឬភាពជាមនុស្ស? ម្នាក់ៗកាត់ទោសគាត់ដោយអំពើអហិង្សាដោយកំហឹង ចុះគាត់ អ្នកណាផ្តល់យុត្តិធម៌ឲ្យគាត់ ? (បើគាត់ស្លាប់) សួរថា៖ បើជាយើងឈឺទេ? បើអាចសុំបាន ជួយបញ្ឈប់អំពើអហិង្សា ឬ ការកាត់ទោសដោយភាពព្រៃផ្សៃ។ តើគាត់ចង់ក្លាយជាចឹងទេ តើគាត់ចង់ឲ្យមានហេតុការចឹងកើតឡើងទេ? សួរគាត់ឬនៅ ? ហើយចង់សួរថាមនុស្សដែលស្លាប់ជាបន្តបន្ទាប់ តើវាមានចំណែក ឬជាកំហុសរបស់ពួកបងប្អូន ដែលរួមគ្នារត់ដេញគាត់អត់? ហើយបើពួកបងប្អូនរួមគ្នាបញ្ឈប់ដោយសន្តិវិធី តើមានហេតុការអាក្រក់ចឹងកើតឡើងអត់? ( យើងជាខ្មែរ ដូចគ្នាហេតុអីក៏ប្រើអំពើព្រៃផ្សៃយ៉ានេះ។

ចំណែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Sokheng Pheara ដាក់សំណួរសួរថា «ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ទៅលើ ពលរដ្ឋដែលបានវាយតៃកុងឡាននោះយកទៅផ្តន្ទាទោស តើមហាជននិងយល់យ៉ាងណា? គិតថា អយុត្តិធម៌!! -សំនួរសួរថា ប្រសិនបើករណីនេះកើតឡើងម្តងជាពីរដង យូរៗក្លាយជាទម្លាប់ តើវាមានផលប៉ះពាល់យ៉ាងណាដល់សណ្តាប់ធ្នាប់សង្គម?តើអាជ្ញាធរគួរសម្របឲ្យពលរដ្ឋបន្តធ្វើបែបនេះ ឬ អនុវត្តច្បាប់ដើម្បីសណ្តាប់ធ្នាប់សង្គមក្នុងប្រទេសគ្រប់គ្រងដោយច្បាប់? តាមរូបភាពបញ្ចេញកំហឹងនេះ អាចបញ្ជាក់ថា តៃកុងឡានជាជន បង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុករះដែលមានជនរងគ្រោះច្រើនរូប តែនៅពេលបងប្អូនប្រជាពលរដ្ឋបញ្ចេញកំហឹងបែបនេះ ទៅលើតៃកុងឡាន តើអ្នកណាជាជនរងគ្រោះ និងជនបង្ក ?តើវាអាចក្លាយទៅជាពីរករណីផ្សេងគ្នាទេ? ពិចារណា!ច្បាប់កម្ពុជាបានចែងឲ្យមានតុលាការជាន់ទាប និងជាន់ខ្ពស់!! តែអត់មានតុលាការប្រជាជនទេ។ មិនមែនកាន់ជើងអ្នកណាទេ សួរនិងនិយាយចោលទេ។ ជុំវិញករណីនេះ តើសមត្ថកិច្ចមានវិធានការបែបណាចំពោះអ្នកបង្ក ហឹង្សាលើជនរងគ្រោះនិងរថយន្ត» ។

ដោយឡែកប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍នេះបាន បញ្ចេញទស្សនថា «បណ្ឌិតម្នាក់ត្រូវជនបាតសង្គម កាត់ទោសបម្រុងប្រហារជីវិតតាមដងផ្លូវ ក្រៅប្រព័ន្ធច្បាប់។ តុល្យការចុងក្រោយឮដំណឹងថា គាត់កំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់មិនអាចទប់ទល់នឹងស្ថានភាពរបួសដ៏ស្រួចស្រាលបំផុតនេះបាន។ ឱ! រាស្ត្រខ្មែរដ៏ស្លូតបូតអើយ តើដួងវិញ្ញាណ និងសន្តានចិត្តសណ្តោសប្រណីរបស់អ្នកបាត់ទៅណាអស់ហើយ? ត្រង់ចំណុចនេះយើងអាចសំយោគថា វប្បធម៌របៀបនេះវាបានកើតឡើងនៅអំឡុងឆ្នាំ២០១២-២០១៣ ដែលសាបព្រួសដោយសម រង្ស៊ី និងកឹម សុខា ដែលគេឲ្យឈ្មោះថា បដិវត្តន៍វណ្ណៈ។ ពួកគេបានបង្រៀនពលរដ្ឋដ៏ស្លូតបួតមួយនេះ ឲ្យរើសអើងវណ្ណៈ, អ្នកក្រស្អប់អ្នកមាន, អ្នកតូចស្អប់អ្នកធំ, រាស្ត្រស្អប់មន្ត្រី, អ្នកជិះម៉ូតូស្អប់អ្នកជិះឡាន។ ល។»។

យ៉ាងណាងមកដល់ពេលនេះសមត្ថកិច្ចបានអះអាងថា មិនមានមនុស្សណាម្នាក់ស្លាប់ ដូចព័ត៌មានបំផ្លើសថា កើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ។

លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោកប្រធានការិយាល័យនគរបាលកម្រឹតធ្ងន់ និងលោកអធិការខណ្ឌទាំង១២ ត្រូវតែស្រាវជ្រាវរកជនដៃដល់ក្នុងរឿងនេះឲ្យឃើញនិងត្រូវចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ត្រូវ ខិតខំធ្វើរឿងនេះឲ្យបានដើម្បីអនុវត្តច្បាប់និងបំបាត់អំពើអសីលធម៌ក្នុងសង្គម ៕ស តារា


ចែករំលែក៖