ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្វាយក្រឡាប់ផ្ងារជើងខណៈចុះពីលើស្ពានព្រែកតាមាក់ចាប់ហ្វ្រាំងមិនជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តធុនធំមួយគ្រឿងផ្ទុកផ្លែស្វាយជាច្រើនតោនបានបុករង្វង់មូលគល់ស្ពានព្រែកតាមាក់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខណៈបើកចុះពីលើស្ពានដោយល្បឿនលឿនចាប់ហ្រ្វាំងមិនជាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាមាក់​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកបានឲ្យដឹងថា រថយន្តបង្កម៉ាក HIYANDAY ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3662 បើកបរដោយឈ្មោះ ដេត ភេទប្រុសអាយុ៣៤ឆ្នាំ

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកចុះពីលើស្ពានព្រែកតាមាក់ ក្នុងទិសដៅពីលិចទៅកើត ដោយបើកក្នុងល្បឿនលឿន ខណៈចុះមកដល់រង្វង់មូលអ្នកបើកបររថយន្តបានព្យាយាមជាន់ហ្រ្វាំងដែរ តែជាន់ហ្វ្រាំងមិនជាប់នោះទេ ដោយរថយន្តមានល្បឿនលឿនពេកនិងមានផ្ទុកផ្លែស្វាយជាច្រើនតោនផងនោះ ក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូល បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្ដង ។ ក្នុងហេតុការណ៍ខាងលើនេះ គឺពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការអន្តរាគមន៍យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖