ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់រងរបួសធ្ងន់ដោយសាររថយន្ត និងម៉ូតូបុកគ្នានៅផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចររវាងរថយន្ដឡិចសុីស RX330 មួយគ្រឿង បុកម៉ូតូធូដេ មួយគ្រឿងនៅផ្លូវបែកជាបួន ហើយអ្នកបើករថយន្តព្យាយាមបើករត់គេចខ្លួន តែត្រូវប្រពលរដ្ឋជិះដេញឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោងជិត១២អធ្រាត្រ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវព្រះសុរាម្រឹតកែងផ្លូវសុធារស ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កណ្ដាល1Y-1418 ជិះឌុបគ្នាតាមបណ្ដោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចផ្លូវបែកជាបួន ស្រាប់តែមានរថយន្ដម៉ាកឡិចសុីសRX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3309 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រឹតទិសដៅពីកើតទៅលិចបានបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យប្លោងជនរងគ្រោះទាំង៣នាក់ ទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

បន្ទាប់ពីកើតហេតុរថយន្ដបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុរហូតដល់ខាងក្រោយរោងកុនគីរីរម្យក្នុងខណ្ឌចំការមនទើបព្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់បាន។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញនាំអ្នកបើកទៅប៉ុស្ដិ៍នគរបាលចតុមុខដើម្បីសួរនាំ។ ចំណែករថយន្ដ និងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖