ខេត្តកំពង់ធំ៖ មន្ទីរកសិកម្មក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំតែងតែជំរុញឲ្យប្រជា ពលរដ្ឋត្រូវចេះដាំដុះដំណាំនិងបន្លែបង្ការគ្រាន់បានហូបចុកក្នុងក្រុមគ្រួសារជៀស វាងការចំណាយច្រើននាំឲ្យខ្វះខាតឬប៉ះ ពាល់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងជីវភាពគ្រួសារ ម្យ៉ាងជួយឲ្យពលរដ្ឋជៀសឆ្ងាយពីការប្រើប្រាស់បន្លែបង្ការដែលមានសារ ធាតុគីមី ដែលនាំចូលពីបរទេស និងជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពពលរដ្ឋជាធំ ។
អ្នកស្រី ចាន់ គឹម ហ៊ី ប្រជាពលរដ្ឋនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្ដែងមតិរបស់ខ្លួនថា រូបខ្ញុំក៏ដូចពលរដ្ឋទូទៅតែងតែមានការព្រួយបារម្ភចំពោះចំណីអាហារដែល សុទ្ធសឹងនាំពីបរទេស ពោរពេញដោយសារធាតុគីមី ជាពិសេសបន្លែបង្ការជាដើម ដូច្នេះប្រសិនបើអាជ្ញាធរខេត្តនិងមន្ទីរកសិកម្ម ខេត្តកំពង់ធំ មានការយកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋបែបនេះក្នុងនាមខ្ញុំតំណាងឲ្យពលរដ្ឋទាំងអស់មានការត្រេកអរ និងចង់ចូលរួមក្នុងការដាំដុះដំណាំ សុវត្ថិភាព ក្នុងស្រុកនេះឲ្យកាន់តែផុស ផុលថែមទៀត ដើម្បីសុខភាពយើងទាំងអស់គ្នា ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានផ្ដល់បទសម្ភាសន៍ថា ខាងមន្ទីរមានគោលការណ៍៣ចំណុចទី១ជំរុញឲ្យមានការផ្សព្វ ផ្សាយដល់ពលរដ្ឋឲ្យមានការដាំដុះបន្លែ បង្ការសុវត្ថិភាព នៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្នុងខេត្តកំពង់ធំ ទី២ជួយផ្ដល់បច្ចេកទេស និងគ្រាប់ពូជ ដល់ពលរដ្ឋសម្រាប់ ដាំដុះតាមមូលដ្ឋាននិងទី៣ខាងមន្ទីរសង្ឃឹម ថា នៅឆ្នាំខាងមុខពលរដ្ឋចាប់តាំងពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តនឹងបរិភោគបន្លែបង្ការ សុវត្ថិភាពគ្មានសារធាតុគីមីឈានដល់ ដាក់លក់បន្លែបង្ការសុវត្ថិភាពទៅដល់តាម បណ្ដាខេត្តផ្សេងទៀតខណៈបច្ចុប្បន្នបន្លែសុវត្ថិភាពកំពុងដាក់លក់នៅមន្ទីរកសិកម្មខេត្តកំពង់ធំ ៕ ប៊ុន រិទ្ធី