ភ្នំពេញ៖ លោក សេង ហ៊ាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែមីនា នេះ សម្រេចចោទប្រកាន់ចោរប្លន់ហាង Wring Cafe និងអ្នកទទួលចោរកម្ម ជាផ្លូវការហើយ ដែលពួកគេនឹងមិនអាចគេចផុតពីគុកឡើយ។
មន្ត្រីតុលាការថ្លែងថា ឈ្មោះ ហូ ម៉េងហ័ង ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់គ្រឿងញៀន និង ឈ្មោះ ម៉ាន អាស់ម៉ាត់ ត្រូវបានចោទប្រកាន់ពីបទទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ បានយកកាំភ្លើងខ្លីមួយដើម ចូលភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយស្រែកគំរាមឱ្យបុគ្គលិកនោះអង្គុយចុះ រួចស្រវាយកលុយបានចំនួន៤៨,៩០០រៀលទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំសុង និងម៉ូតូមួយគ្រឿង ម៉ាក SH ។ បន្ទាប់មកជិះម៉ូតូដែលយកបានឆ្ពោះទៅខេត្តកំពង់ស្ពឺ។
លុះស្អែកឡើងយកម៉ូតូ លក់ឱ្យឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បាន៥០០ដុល្លារ ទើបត្រឡប់មកភ្នំពេញវិញ ទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចនៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យបានតែម្ដង។
ក្រោយមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសាកសួរជនសង្ស័យ និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលទទួលផលចោរកម្ម ទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាព ប្លន់នៅខណ្ឌជ្រោយចង្វារ និងបានដកហូតម៉ូតូដែលប្លន់យកទៅប្រគល់ជូនម្ចាស់ដើមវិញ៕ ចេស្តា