ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងអង្រឹងចាំចម្ការអ្នកស្រុកសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈប្រទះឃើញជនជាតិវៀតណាមម្នាក់ ដេកស្លាប់លើអង្រឹង សង្ស័យខ្យល់គរ បន្ទាប់ពីផឹកស្រាជាមួយមិត្តភក្តិពេញមួយយប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យខ្យល់គរមានឈ្មោះ យោ យ៉ាំងលើង អាយុ ៧៧ឆ្នាំ មានទីលំបច្ចុប្បន្នឃំុផូហ៊ីប ស្រុក តាមណុង ខេត្ត ដុងថាប ប្រទេសវៀតណាម ។

បើតាមការឲ្យដឹងពីឈ្មោះ លឿង យ៉ាំងហ្វាង ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ អាងហោយ ឃំុ អាងហ្វា ស្រុក ត្រាងបាង ខេត្តតៃនិញ បានឲ្យដឹងថា នៅមុនពេលកើតរូបគាត់មានកម្មវិធីជួបជុំជាមួយមិត្តភក្តិដូចសព្វដង ខណៈបានទិញស្រាសចំនួន១លីត្រ និងសាច់ក្លែមបន្តិចបន្តួច យកមកផឹកជាមួយជនរងគ្រោះតាំងពីវេលាម៉ោងប្រហែល ៦ និង៣០នាទីល្ងាច ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ប្រហែលម៉ោង២១:០០នាទី យប់ម្នាក់ៗស្រវឹងស្រារហើយក៏សម្រាករៀងៗខ្លួន។

ប្រភពដដែលបានបន្តទៀតថា លុះដល់ពេលព្រឹកព្រលឹមម៉ោង៦និង៤៥នាទីព្រឹក ស្រាប់តែមានការភ្ញាក់ផ្អើលដោយប្រទះឃើញដេកស្លាប់ក្នុងអង្រឹងនៅក្នុងខ្ទមចាំស្រែរបស់អ្នកភូមិបាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សដេកស្លាប់សមត្ថកិច្ចនគរបាលជំនាញ និងមន្ត្រីកងរាជអាវុធហត្ថស្រុកចុះមកដល់កន្លែងកើតហេតុពិនិត្យដោយគ្រូពេទ្យបានសន្និដ្ឋានថា សាកសពបានស្លាប់ដោយសាខ្យល់គរ ព្រោះពុំមានស្នាកស្នាមឬពុលស្រាអ្វីនោះទេ។

បន្ទាប់ពីពិនិត្យសាកសពខាងលើរួចសមត្ថកិច្ចបានប្រគល់ទៅឈ្មោះ ង្វៀង ថាន់ទុង ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖