ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីបុរសជនជាតិបរទេសម្នាក់ បានដើរអុកឡុកផ្ទះប្រជាពលរដ្ឋ និងចូលក្នុងហាងអ៊ុតសក់មួយកន្លែងដេក លែងទៅណា សង្ស័យបែកថ្នាំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសជនជាតិបរទេសម្នាក់ អាយុប្រហែលជាង៤០ឆ្នាំ មិនដឹងដើរមកពីណាទៅណា ហើយដើរតែចូលផ្ទះប្រជាពលរដ្ឋ និយាយរវើរវាយហើយបានដើរចូលក្នុងហាងអ៊ុតសក់មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងធ្វើសក់ ។
ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តាគមន៍ភ្លាមៗតែម្តង និងនាំខ្លួនដឹកតាមរ៉ឺម៉កម៉ូតូទៅប៉ុស្តិ៍ ដើម្បីរង់ចាំប្រគល់ឲ្យការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី មកទទួលយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ សុខាសែនជ័យ